សម្តេចតេជោ ហ៊ុន សែន ៖ «សម្ព័ន្ធភាពនេះ គឺជាដៃគូកិច្ចសហប្រតិបត្តិការដោយស្មើភាព សាមគ្គីភាព គោរពសិទ្ធិ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»

0
575

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងបណ្ដាគណបក្សចំនួន ២៧ ទៀត គឺមិនប៉ះពាល់ដល់ប្រជាធិបតេយ្យឡើយ តែសម្ព័ន្ធភាពនេះ នឹងធ្វើឲ្យប្រជាធិបតតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ ការថ្លែងរបស់សម្តេចតេជោ នាស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចុះហត្ថលេខានៅថ្ងៃនេះ គឺគណបក្សទាំងនេះ មិនមែនជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជាឡើយ តែជាដៃគូសហការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ខណៈដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពរួមគ្នា ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា«សម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំង២៨នេះ មិនធ្វើប៉ះពាល់ដល់ប្រជាធិតេយ្យរបស់កម្ពុជាឡើយ តែផ្ទុយទៅវិញ សម្ព័ន្ធភាពមួយនេះ នឹងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត»។

យ៉ាងណាមិញ សម្ដេចតេជោ ​​បានលើកឡើងថា សម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាមួយគណកប្សនយោបាយស្ទើរជាងពាក់កណ្ដាលនៃបក្សដែលមាននៅកម្ពុជានេះ ក៏មិនបានធ្វើឡើងដើម្បីលុបបំបាត់សំឡេងប្រឆាំងនោះឡើយ ខណៈក្រុមប្រឆាំង​ ក៏កំពុងបង្កើតសម្ព័ន្ធភាពមួយ ដើម្បីប្រឆាំងផងដែរ។​គួរបញ្ជាក់ថា «សម្ព័ន្ធភាពនេះ គឺជាដៃគូកិច្ចសហប្រតិបត្តិការដោយស្មើភាព សាមគ្គីភាព គោរពសិទ្ធិ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន៕