សម្តេចធិបតីបដិសេធចំពោះសំណើររប​ស់វិស័យឯកជនដែលបានស្នើបញ្ចុះតម្លៃ និងលើកលែងទិដ្ឋាការ ដល់ភ្ញៀវទេសចរអន្តជាតិ ខណៈទិដ្ឋាការនេះជាប្រភពចំណូលចម្បង

0
30

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បដិសេធ​ចំពោះសំណើររបស់​វិស័យឯកជនដែលបានស្នើឲ្យបញ្ចុះតម្លៃ ​និងលើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរអន្តរជាតិ ខណៈសម្តេចលើកឡើងថា ​តម្លៃថ្លៃនៃការផ្តល់ទិដ្ឋាការមិនមែន​ជា​របាំងបរទេស​ដែលចង់មកកម្ពុជា​នោះទេ ហើយមួយវិញទៀត​ចំណូល​តាមរយៈទិដ្ឋាការនេះ​គឺជាប្រភពចំណូល​ចម្បង​មួយ​នៃ​ចំណូលមិនមែនសារពើពន្ធនោះ។

ការបដិសេធនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅ​វិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បរិបទរបស់កម្ពុជា​មិនទាន់ដល់ពេល​លើកលែង​ការផ្តល់ទិដ្ឋាការដល់ភ្ញៀវអន្តរជាតិ ដែលចង់មក​លេង​កម្សាន្ត​ប្រទេសខ្លួននោះទេ ពីព្រោះថា​ បច្ចុប្បន្ននេះកម្ពុជាពុំទាន់មាន​ប្រភពចំណូលផ្សេង​មក​ប៉ះប៉ូវ​ទំហំ​ចំណូល​លើវិស័យមួយនេះ (ការផ្តល់ទិដ្ឋាការ)នៅឡើយទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«បញ្ហាទិដ្ឋាការ ​ខាងវិស័យឯកជនបានស្នើសុំឲ្យពិនិត្យ ពិចារណាលើប្រព័ន្ធ​ទិដ្ឋាការ​ ដែលមាន​ភាព​បត់បែន និង​ទាក់ទាញ​សម្រាប់ទីផ្សារ។ ​សំណូម​ពរ នេះមិនមែនជាពិធីដោះស្រាយឆ្លើយតបចប់បញ្ហានោះទេ ពីព្រោះថា​កម្ពុជា​បានកំពុងផ្តល់​អនុគ្រោះច្រើន រួចទៅហើយ​ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការអេឡិចត្រូនិច ហើយ​ចំពោះបញ្ហាថ្លៃមិន ​មែនជា​របាំង​ភ្ញៀវទេសចរ​មក​លេង​កម្ពុជានោះឡើយ»។

គួរបញ្ជាក់ថា ​ការដាក់ស្នើចេញសុំលើកលែងដើម្បី​ទិដ្ឋាការ គឺហាក់បីដូចជា​មិនទាន់​ដល់ពេលវេលាដែលកម្ពុជាត្រូវធ្វើនោះទេ។ ផ្ទុយទៅវិញអ្វីដែលកម្ពុជាត្រូវរួមគ្នាធ្វើនាពេលនេះ គឺ​ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អរ ​នីតិវិធីសម្រួល និងធ្វើឲ្យ​ប្រសើរឡើង​នូវសេវាសាធារណៈ ​ដើម្បី​ឲ្យទេសចរណ៍មកកម្ពុជា​មាន​ភាព​កក់ក្តៅរីករាយ ​ទាំង​ពេល​មកដល់ ពេល​ស្នាក់នៅ និងពេលត្រឡប់ទៅវិញជាដើម នេះជាការបញ្ជាក់ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕