សម្តេចធិបតីផ្តាំទៅអ្នករិះគន់ពិនិត្យមើលឡើងវិញថា មិនមានកិច្ចអន្តរាគមន៍ជំនួយសង្គមណាមួយ របស់រាជរដ្ឋាភិបាល ដែលមានចរិតជាអចិន្ត្រៃយ៍នោះទេ

0
57

ភ្នំពេញ៖ កិច្ចអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺផ្ដល់ទៅលើគ្រាមានអាសន្ន និងជួបការលំបាក។ ជាក់ស្ដែងដូចនៅក្នុងអំឡុងពេលកូវីដ១៩, ស្ត្រីមានផ្ទៃពោះ (កូនអាយុពីរឆ្នាំគឺចប់), មូលនិធិសមធម៌ គឺជួយពេលគាត់លំបាក ពេលថ្ងៃក្រោយមានជីវភាពល្អ គឺត្រូវបញ្ចប់ ដោយមិនអាចជួយរហូតបាននោះទេ គឺយើងត្រូវយកថវិកាជួយអ្នកផ្សេងទៀត ដែលមិនអាចមានកម្មវិធីមួយណា អនុវត្តជួយមួយជីវិតនោះទេ។នេះគឺជាការលើកឡើងរបស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ខណៈដែលពេលកន្លងមកមានមតិមួយចំនួន បានរិះគន់រាជរដ្ឋាភិបាលថា បានចំណាយថវិកាច្រើន ក្នុងកម្មវិធីជំនួយសង្គម ប៉ុន្តែមិនបានគិតបង្កើតកម្មវិធីដែលផ្ដល់ភាពម្ចាស់ការដល់ប្រជាពលរដ្ឋ ពោលគឺផ្ដល់នូវកម្មវិធីជួយបណ្តុះសមត្ថភាព ដែលអាចឱ្យពលរដ្ឋរកចំណូល បានដោយខ្លួនឯង។

តបនឹងមតិរិះគន់ខាងលើ, សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានគិតគូរពីការជួយឲ្យប្រជាពលរដ្ឋ មានសមត្ថភាពរកចំណូលខ្លួនឯងផងដែរ។ ជាក់ស្តែង កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”។ កម្មវិធីទាំងពីរនេះ គឺជាលើកម្ពស់សុខុមាលភាពប្រជាជន ការបង្កើតឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។

ជាមួយគ្នានេះសម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា សូមឲ្យអ្នករិះគន់ពិនិត្យមើលឡើងវិញ ថាក្រៅពីកិច្ចអន្តរាគមន៍ជំនួយសង្គម រាជរដ្ឋាភិបាល ក៏មានកម្មវិធីផ្តល់ភាពម្ចាស់ការ ដល់ប្រជាពលរដ្ឋផងដែរ។ ខណ:កម្មវិធីជំនួយសង្គម ជាការត្រូវតែជួយ នៅក្នុងពេលលំបាក ហើយជួយធ្វើយ៉ាងណាដើម្បីទប់នូវការវិវត្តប្រែប្រួលជាកំហុក ជាអវិជ្ជមាន ដោយប្រការណាមួយ ដូចជាវិបត្តិកូវីដ១៩ សង្គ្រាមនៅក្រៅប្រទេស ដើម្បីជួយឲ្យប្រជាពលរដ្ឋ រឹងដៃរឹងជើង  បង្កើតបរិស្ថានសុខសន្តិភាព ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដាក់ចេញគោលនយោបាយផ្សេងៗដើម្បីជំរុញការបង្កើតការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដើម្បីឲ្យគាត់ចូលទៅក្នុងនោះ។ ទាំងនេះគឺជាកិច្ចការសំខាន់ ដែលបានដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយកិច្ចការនេះ ជាកិច្ចការចាំបាច់៕