សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យស្ថានទូតចិនប្រចំាកម្ពុជាជួយជម្រុញលើកទឹកចិត្តក្រុមហ៊ុន វិនិយោគចិនឲ្យបន្តទុកចិត្តលើរដ្ឋាភិបាលកម្ពុជា និងចូលរួមបណ្តាក់ទុនវិនិយោគបន្ថែមទៀត

0
68

ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យស្ថានទូតចិនប្រចំាកម្ពុជា សូមជួយជម្រុញលើកទឹកចិត្តក្រុមហ៊ុន វិនិយោគចិនឲ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមបណ្តាក់ទុនវិនិយោគ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ ធំៗបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដូចជាផ្លូវល្បឿនលឿន គម្រោងផ្លូវនាវាចរព្រែកជីកហ្វូណន គម្រោងផ្លូវរថភ្លើង ធនស្រាល និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមទាំងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សំខាន់ៗដទៃទៀតផងដែរ។

សម្តេចធិបតីបញ្ជាក់ថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណដ៏ជ្រាវជ្រៅ ចំពោះប្រជាជនចិន និងរាជរដ្ឋាភិបាលប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់កម្ពុជានិងជាដៃគូរសំខាន់ក្នុងការ គាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសទាំងអស់ដែលមិនមានលក្ខខណ្ឌ ស្មុគស្មាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ឆ្នាំនេះជាឆ្នាំដែលយើងកំណត់យកនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ចិន-កម្ពុជា។ ឆ្នាំទៅគឺជាឆ្នាំដែលយើងលើកយកកំរិតយុទ្ធសាស្ត្រនៃការទំនាក់ទំនងបូកជាមួយនូវ ការដាក់ចេញ កិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់សម្តេចតេជោ និងឯកឧត្តមប្រធានធិបតី ស៊ី ជីងពីង ដែលអាណត្តិទី៦បានកសាង ហើយអាណត្តិទី៧ គឺផ្អែកលើមូលដ្ឋាននៃនិរន្តភាព និងគុណភាព នៃការដឹកនាំ គោលនយោបាយ ដឹកនាំក្នុងនិងក្រៅប្រទេស។

គួរបញ្ជាក់ថា ការថ្លែងបែបនេះក្នុងឳកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕