សម្តេចធិបតីអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤

0
217

ភ្នំពេញ៖ យោងតាមលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាពសារព័ត៌មាន innews ទទួលបាននៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះបានឲ្យដឹងថា សម្តេចធិបតីក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកក្នុការចូល រួមអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជានកម្ពុជាចិន២០២៤»។

 ក្នុងលិខិតអប់អរសម្តេចធិបតី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ព្រមទាំងភ្ញៀវទេសចរចិនទាំងអស់ មកកាន់ដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបន្តថា ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់មិត្តចិននាឆ្នាំ២០២៣ កន្លងមកនេះក្រោមកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរវែងឆ្ងាយ និងមិនចេះនឿយហត់របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានធ្វើឲ្យមានទំនុកចិត្តពេញទំហឹងពីប្រជាជនចិន ក្នុងដំណើរការជំរុញ ប្រទេសចិនឲ្យបោះជំហានទៅមុខរយៈពេលដ៏យូរអង្វែងទៅអនាគត ជាពិសេសកសាងប្រទេសចិនឲ្យក្លាយ ជាប្រទេសសង្គមនិយមទំនើបដែលមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយវិបុលភាព រឹងមាំ មានវប្បធម៌ ឈានមុខ មានភាពសុខដុម និងបរវរុងរឿង។

នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ជាការពិត ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិនមកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន។ ក្រោយមក ក្នុងសម័យទំនើបនេះ ក្រោមការដឹកនាំរបស់ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធានម៉ៅ សេទុង ប្រទេសយើងទាំងពីរកម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រៀងរហូតមក។ ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា បានខិតខំបន្តព្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ឡភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ២០១០មក។

 ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ស៊ូឡី នាពេលនេះនឹងពង្រឹងបន្ថែមនូវមូលដ្ឋានទំនាក់ទំនងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែរឹងមាំ និងជិតស្និទ្ធ ពិសេសគឺជាការស្វែងយល់រវាងគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅលើភាព សម្បូរបែបនៃសម្បត្តិវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ៕