សម្តេចធិបតី៖ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូតត្រឹមត្រូវបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន

0
784

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា តាមរយៈសុខសន្តិភាព គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងនយោបាយការទូតត្រឹមត្រូវបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយបានហុចផលដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត  បានគូសបញ្ជាក់ថា កម្ពុជាបន្ដនាំផលិតផលនានាទៅកាន់តំបន់អឺរ៉ុប ទៅចិន ទៅអាហ្វ្រិក ទៅមជ្ឈឹមបូព៌ានិងទៅតំបន់អាស៊ាន ដែលនេះក៏ព្រោះតែកម្ពុជាមិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ។ សម្តេចធិបតីបានបន្ដថា ខេត្តព្រះសីហនុត្រូវពិនិត្យដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីទាក់ទាញវិនិយោគមកកាន់ខេត្តព្រះសីហនុបន្តទៀត ហើយយើងកំពុងធ្វើផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុនិងខេត្តជាប់សមុទ្រ ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា យើងត្រូវគិតគូរជាកញ្ចប់មិនអាចគិតតែខេត្តព្រះសីហនុនោះទេ ហើយយកខេត្តបីទៀតធ្វើជាគូប្រជែងរបស់ខេត្តព្រះសីហនុនោះទេ គឺយើងអត់អាចទាញបានសក្ដានុពលនោះទេ។ ទន្ទឹមនេះ យើងយកខេត្តព្រះសីហនុរួមជាមួយខេត្តបីទៀតដើម្បីប្រកួតប្រគែងជាមួយឱ្យនឹងប្រទេសជិតខាង ហើយប្រសិនជាខេត្តព្រះសីហនុធ្វើត្រូវនោះខេត្តនេះនឹងចិញ្ចឹមសេដ្ឋកិច្ចជាតិដ៏ធំ។

គួរបញ្ជាក់ថា ការលើកឡើងរបស់សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕