សម្តេចធិបតី៖ រដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវដាក់ចេញគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹងនូវសមទ្ធិផល ផ្សេងៗ និងកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន

0
53

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវដាក់ចេញគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹងនូវសមទ្ធិផលផ្សេងៗ និងកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន នៅក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទក៏ត្រូវជាកម្លាំងស្នូលនៅក្នុងការថែរក្សាបរិស្ថាន​ដើម្បីការអភិវឌ្ឍនេះ។

ការថ្លែងរបស់សម្តេចធិបតីបែបនេះក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ដែលពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

សម្តេចធិបតីបន្តថា សុខសន្តិភាពត្រូវតែថែរក្សាឲ្យបាននៅក្នុងតម្លៃណាក៏ដោយ ស្ថេរភាពសង្គមសន្តិសុខសម្រាប់ ប្រជាពលរដ្ឋត្រូវតែធ្វើ ដើម្បីធានានូវបរិស្ថាននៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពនិងបរិយាបន្នធ្វើឲ្យប្រជា ពលរដ្ឋមានភាពកក់ក្តៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ប្រជាពលរដ្ឋមានមានលទ្ធភាព មានសមត្ថភាព ដើម្បីប្រកបរបចិញ្ចឹមជីវិតចូលរួមជាកម្លាំងពលកម្មរបស់ជាតិយើង ដូច្នេះក្នុងតួរនាទីរបស់កងទ័ពរបស់យើង និយាយដោយឡែកគឺកងទ័ពជើងគោកត្រូវចូលរួមនៅក្នុងកិច្ចការនេះ ក៏ត្រូវធ្វើការកែទម្រង់និងបង្កើតសមត្ថភាពកងទ័ពដើម្បីធានាប្រសិទ្ធភាព ប្រតិបត្តិការបានជោគជ័យ នៅក្នុងរយៈពេលវែង។

គួរបញ្ជាក់ផងដែរថា ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។៕