សម្តេចធិបតី លើកទឹកចិត្តអ្នកវិនិយោគក្នុងស្រុក លក់ផលិតផលរបស់ខ្លួន នៅលើទីផ្សារ Alibaba

0
24

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តអោយអ្នកវិនិយោគក្នុងស្រុក ដាក់លក់ផលិតផលរបស់ខ្លួន នៅលើទីផ្សារអនឡាញធំរបស់ចិន អាលីបាបា ដើម្បីទាញបាននូវផលប្រយោជន៍នេះដោយផ្ទាល់ ក្រោយការចុះMoUរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាលីបាបា កាលពីពេលថ្មីៗ។

ការគូសបញ្ជាក់បែបនេះ របស់សម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន  នាព្រឹកថ្ងៃចន្ទ ទី២០ វិច្ឆិកា ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា  ក្រៅពីការធ្វើពាណិជ្ជកម្ម ទៅនឹងពាណិជ្ជកម្ម Business To Business និងការចុះនូវកិច្ចព្រមព្រៀងសេរីជាមួយនឹងបណ្ដាលប្រទេសជាដៃគូ កម្ពុជា ក៏គួរមានបង្កើតនូវរូបមន្តមួយបន្ថែម គឺធ្វើយ៉ាងណាអោយអ្នកលក់ អ្នកដាក់លក់ផលិតផលរបស់ខ្លួន នៅលើទីផ្សារធំរបស់ចិន Alibaba ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារដ៏ធំមួយនេះ។

គួរំលឹកដែរថា ក្នុងជំនួបពិភាក្សាការងារ នាឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗកន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន Alibaba បានចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧ ។

ក្រុមហ៊ុន Alibaba បច្ចុប្បន្ន មានអតិថិជនសរុបចំនួនប្រមាណ ១.៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុន ក៏បានដាក់លក់ផងដែរនូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជា ផងដែរ ហើយសេវាកម្មនេះទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មៀនប៉ៃលិនកម្ពុជា ក៏បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba Group នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូតគាមអនាម័យ មានស្តង់ដារសុវត្ថិភាព ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។

តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជា ក្នុងមួយឆ្នាំចំនួន២ម៉ឺនតោន៕