ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការជឿជាក់ថាសន្និសីទប្រចាំឆ្នាំ ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកលក្រោមប្រធានបទ ”ពិភពលោកមួយសន្តិសុខរួម” អាចរកឃើញនូវវិធានគន្លឹះចាំបាច់បន្ថែមទៀតបម្រើដល់កិច្ចថែរក្សាសន្តិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋទំាងក្នុងតំបន់និងអន្តរជាតិ ។ សម្តេចសង្កត់ធ្ងន់ថាចក្ខុវិស័យវែងឆ្ងាយនេះក៏មានសង្គតិភាពទៅនឹងការប្តេជ្ញាចិត្តទាំងកម្រិតនយោបាយនិងកម្រិតបច្ចេកទេសរបស់ រាជរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោមប្រធានបទ”ពិភព លោកមួយសន្តិសុខរួម” នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាតាងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចសូមសម្តែងនូវការអបអរសាទរជូនចំពោះថ្នាក់ដឹកនាំនិង ប្រជាជននៃសាធារណ រដ្ឋប្រជាមានិតចិន ចំពោះគំនិតផ្តួចផ្តើមដ៏ពិសិដ្ឋនៃការរៀបចំឡើងនូវវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកលនេះចាប់តាំងពីឆ្នាំ២០១៥កន្លងមក ដែលវេទិកានេះ បានបង្កលក្ខណៈនិងលទ្ធភាពដល់គ្រប់អង្គភាពពាក់ព័ន្ធជាពិសេសថ្នាក់ដឹកនាំនិងអង្គអនុវត្តច្បាប់នៃបណ្តាប្រទេសជាច្រើនបានជួបជុំនិងផ្លាស់ប្តូរមតិយោបល់ព្រមទាំងបទពិសោធន៍សំខាន់ៗ ដើម្បីបម្រើដល់កិច្ចការថែរក្សាសន្តិសុខប្រទេសរបស់ខ្លួននិងសន្តិសុខសកល។
សម្តេចធិបតីបានបន្តថាសន្និសីទស្តីពីវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកលគឺបានជ្រើសរើសមូលបទមួយដ៏មានសារៈសំខាន់គឺ”ពិភពលោកមួយមានសន្តិសុខរួម” ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋាភាពបច្ចុប្បន្ននិងចក្ខុវិស័យវែងឆ្ងាយនិងភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពដោយផ្តោតសំខាន់លើការថែរក្សាសន្តិ សុខសកល សំដៅបង្កើតឡើងនូវកាលានុវត្តភាព នៃការអភិវឌ្ឍនិងវិបុលភាពសង្គម សេដ្ឋកិច្ចនិង មនុ ស្សគ្រប់រូប។
សម្តេចធិបតីបានបន្តទៀតថាចក្ខុវិស័យវែងឆ្ងាយនេះក៏មានសង្គតិភាពទៅនឹងការប្តេជ្ញាចិត្តទាំងកម្រិតនយោបាយនិងកម្រិតបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើក កម្ពស់កិច្ចសហប្រតិបត្តិការ សន្តិសុខ ដើម្បីសន្តិភាព សុវត្ថិភាព ភាពសុខដុមរនានិងការអភិវឌ្ឍនៅថ្នាក់ជាតិ តំបន់និងអន្តរជាតិក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួន រួចរាល់ដើម្បីចូលរួមក្នុងការៀបចំលិខិតតូបករណ៍ យុទ្ធសាស្ត្រ គោលនយោបាយពាក់ព័ន្ធនានាដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ជិតស្និទ្ធរវាងកងកម្លាំងអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ ព័ន្ធទាំងអស់។
សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថាជាមួយកិច្ចសហប្រតិបត្តិការនេះយើងនឹងអាចប្រមូលផ្តុំនូវវិធានការសរុបឈានទៅដោះស្រាយបញ្ហាប្រ ឈមនានាដែលជាក្តីបារម្ភ រួមទាក់ទងនឹងវិស័យសន្តិសុខក្នុងបុព្វហេតុរួមនៃសន្តិភាពការអភិវឌ្ឍនិងវិបុលភាព សម្រាប់ប្រជាជាតិទាំងអស់។ ខ្ញុំជឿជាក់ ថាកិច្ចពិភាក្សាលម្អិតគ្រប់ជ្រុងជ្រោយនិងការផ្លាស់ប្តូរ បទពិសោធន៍ល្អៗ រវាងអង្គសន្និសីទទាំងមូលលើបញ្ហាសំខាន់ៗទាំងនេះ នឹងអាចរកឃើញនូវវិធានគន្លឹះចាំបាច់មួយចំនួនបន្ថែមទៀត ដែលបម្រើដល់ឧត្តមប្រយោជន៍កិច្ចថែរក្សា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា និងសន្តិសុខសកលជាក់ជាមិនខាន ៕