សម្តេចធិបតី សម្រេចលទ្ធផលយ៉ាងធំធេង បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម

0
299

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទស្សនកិច្ចនេះ បាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត​សម្រាប់កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយផ្លែផ្ការវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គម​និយមវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចធិបតី នៅវៀតណាម​ បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ក្នុងនោះថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើង​ដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង​ ពង្រីក ​និងពូនជ្រំមិត្តភាពនេះឱ្យកាន់តែរីក​លូត​លាស់​ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ​ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាង​ប្រជាជាតិទាំងពីរ ​ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់ ​និងអន្តរជាតិ។

ក្នុងវិស័យនយោបាយ ​និងការទូត៖ ​សម្ដេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត និង​ជួប​ពិភាក្សាការងារទ្វេភាគីជាមួយ ​ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ​និងបានជួបសម្ដែងការ​គួរសម​ចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ​ប្រធានរដ្ឋ ​និងប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនោះ​ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា​ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ​នាឱកាសនេះ ទំនាក់ទំនងទ្វេភាគី ​កម្ពុជា-វៀតណាម​ នឹងកាន់តែរីកចម្រើនរឹងមាំ ស្រប​តាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង​ស្ថិរភាពយូរអង្វែង ​និងបានបង្ហាញការជឿជាក់ថា​ ក្រោមការដឹកនាំរបស់​សម្ដេចធិបតី កម្ពុជា​នឹងកាន់​តែអភិវឌ្ឍន៍​ខ្លាំងក្លាទៅមុខបន្ថែមទៀត ​ឆ្ពោះទៅសម្រេចចក្ខុវិស័យ​ ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។

 

បន្ទាប់មក នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី នៃពិធីចុះហត្ថលេខាលើឯកសារ ចំនួន៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កម្ពុជា និងបណ្ឌិត្យសភាការទូត វៀតណាម។ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

សម្រាប់ជំនួបសម្ដែងការគួរសមដាច់ដោយឡែក ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្សកុម្មុយ-នីស្តវៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋ និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ហើយប្រទេសកម្ពុជានឹងកាន់តែបន្តការអភិវឌ្ឍខ្លាំងក្លា។

 

ដោយឡែកក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម ចំនួន៦ និងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមទាំង ៦ ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្ដល់នូវបរិយាកាសវិនិយោគយ៉ាងអំណោយផល ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី។

 

ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ សម្ដេចធិបតី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមធុរជនវៀតណាម ដែលមានចំណាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងគោលនយោបាយ យុទ្ធសាស្រ្ត ច្បាប់ បទដ្ឋានគតិយុត្ត និងវិធានការនានា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញថ្មីៗនេះ៕