សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាគ្មានទិន្ន័យ យើងហាក់បីដូចជាស្ថិតនៅចំណុចមួយ ដែលងាយស្រួលក្នុងការវង្វេងវង្វាន់

0
296

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី​ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ​“របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” ។

ក្នុងពិធីប្រកាសនេះសម្តេចធិបតី បានលើកឡើងថា «បើសិនជាគ្មានទិន្ន័យ យើងហាក់បីដូចជាស្ថិតនៅចំណុចមួយ ដែលងាយស្រួលក្នុងការវង្វេងវង្វាន់ មិនអាចដឹងថានៅជុំវិញយើងស្ថានភាពយ៉ាងណា ឬក៏អាចព្យាករណ៍ថាទៅមុខ មានអីហើយយើងដើរដល់កន្លែងណា ហើយទៅណាទៀត» ដូច្នេះការគ្រប់គ្រង់ទិន្ន័យគឺសំខាន់ណាស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តថា ការប្រើប្រាស់ទិន្ន័យក្រុមហ៊ុនច្រើនណាស់នៅលើពិភពលោកបាន វិនិយោគទៅលើការធ្វើប្រព័ន្ធទិន្ន័យ ឥឡូវសូម្បីតែក្នុងទូរស័ព្ទដៃយើងមួយៗ ប្រើប្រាស់ទិន្ន័យមួយៗ អ៊ីម៉ែល ហ្វេសបុក គឺស្ថិតនៅលើទិន្ន័យ នៃការគ្រប់គ្រង ចិងទិន្ន័យទាំងអស់នេះគឺគេយកទៅវិភាគដើម្បីដឹងថានៅកម្ពុជា មនុស្សប្រើអ្វីច្រើនជាងគេ នៅប្រទេសណាប្រើអីច្រើនជាងគេ ដាក់ស្អីទៅ?គេដាក់ទុនវិនិយោគរាប់ពាន់លាន ចិងសម្រាប់កម្ពុជាក៏ដូចគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា​​ «ទិន្ន័យល្អទីមួយអាចជួយយើងឲ្យសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ  អត់សម្រេចចិត្តប្រថុយប្រថាន សូម្បីតែលើកកូនឲ្យគេក៏ចិងដែរ មុននឹងឲ្យទៅគេដឹងថាកូនស្រីយើងទៅគេ តើយើងត្រូវធ្វើដូចម្តេច គេប្រកដជាស្រាវជ្រាវទិន្ន័យ ថាតើកូនប្រុសហ្នឹងពីមុនយ៉ាងមិច»?

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់វិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួងផែនការ, គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច, គណៈកម្មការឃោសនាជំរឿនសេដ្ឋកិច្ច, គណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានី ខេត្ត, និងក្រុមការងារស្នូលបច្ចេកទេសទាំងអស់ ក្នុងការធ្វើឱ្យសម្រេចបានដោយជោគជ័យ នៅក្នុងការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២៕