សម្តេចធិបតី ហ៊ុន ម៉ាណែត ចាកចេញពីកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ

0
70

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ។

បើតាមឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីទាំងពីរក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ។

គួរបញ្ជាក់ផងដែរថា សម្ដេចធិបតី និង លោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។ សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភា និង ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា៕