សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានតម្លៃគតិយុត្តដូចសាលក្រមតុលាការ ដែលមានទម្ងន់ច្បាប់ជាធរមាន

0
753

កំពង់ស្ពឺ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី សមិទ្ធផល​នានា និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដលេខាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យន្តការអាជ្ញាធរជាតិមួយនេះនឹងផ្ដល់ការគាំទ្រសម្របសម្រួល និងជួយផ្ដល់យោបល់ផ្នែកច្បាប់ដល់អាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ក្រោមជាតិបន្ថែមក្នុងការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា យន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានតម្លៃគតិយុត្តដូចសាលក្រមតុលាការ ដែលមានទម្ងន់ច្បាប់ជាធរមាន។ ក្នុងនោះចំពោះផលប្រយោជន៍នៃការបង្កើតអាជ្ញាធរជាតិនេះ គឺនឹងផ្តល់ដំណោះស្រាយវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សា។ ម្យ៉ាងទៀត ដើម្បីជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការដោះស្រាយមិនទុកឱ្យទំនាស់រ៉ាំរ៉ៃនោះឡើយ។

គួរបញ្ជាក់ថា សេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះ មាន៦ជំពូក និង២២មាត្រា។ សេចក្ដីព្រាងនេះបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ៕