សម្តេចធិបតី ហ៊ុន ម៉ាណែត៖«កុំយកបងប្អូនកម្មករទៅបម្រើប្រយោជន៍នយោបាយ»

0
25

ភ្នំពេញ៖ កុំជ្រកក្រោមផ្លាកសហជីពហើយយកបងប្អូនកម្មករនិយោជិត ទៅបម្រើប្រយោជន៍នយោបាយរបស់បក្សពួកខ្លួន។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមសហជីពឱ្យដើរតួនាទីទៅតាមអាជីព និងជំនាញរបស់ខ្លួន កុំយកបងប្អូនកម្មករនិយោជិត ទៅបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុន និងរោងចក្រលំដាប់អន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុនផលិតកាបូប ស្បែកជើង និងកង់ឡានជាដើមបានមកវិនិយោគផ្ទាល់នៅក្នុង​ប្រទេសកម្ពុជា។ ខណៈនៅពេលខាងមុខមានរោងចក្រធំៗជាច្រើនទៀត​នឹងមកវិនិយោគបន្ថែមនៅកម្ពុជា ដោយមានលើកទឹកចិត្តឱ្យមានការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា នៅប្រទេសកម្ពុជា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣។

គួរបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស ជំនួបលើកទី១០នេះ ជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ៕