(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធព្រលាន យន្តហោះសៀមរាបអង្គរថី្ម នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងធ្វើតេស្តការហោះហើរ (Airport Flight Demo) ចុងក្រោយដោយក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ខេមបូឌា (AIAI) ដើម្បីបញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រងការប្រតិបត្តិការអាកាសយាន្តដ្ឋានសៀមរាបអង្គរទាំងមូល មុននឹងបើកដំណើរការទទួលជើងហោះហើរលើកដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី២៧ ខែកញ្ញានេះថា «នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់សម្ពោធជាផ្លូវការក្រោម អធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយថ្នាក់ដឹកនាំនៃភាគីចិន»។
នេះគឺជាការធ្វើតេស្តហោះហើរលើកចុងក្រោយបំផុត ដើម្បីបញ្ជាក់ពីដំណើររលូននៃប្រតិបត្តិការ និងការគ្រប់គ្រងទាំងមូលនៅក្នុង អាកាសយាន្តដ្ឋានសៀមរាបអង្គរ ដោយថ្ងៃនោះនឹងមានអ្នកដំណើរមក chech in ដើម្បីឡើងយន្តហោះ និងធ្វើដំណើរត្រឡប់មកវិញ ដោយឆ្លងកាត់នីតិវិធីផ្សេងៗ ព្រមទាំងតេស្តឧបករណ៍ ដើម្បីបង្ហាញថា មានដំណើរការល្អ ដូចការរំពឹងទុកដែរ ឬទេ?។
អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបន្ថែមថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឱ្យដំណើរការទទួលជើងហោះហើរលើកដំបូង ក្រោមអធិបតីភាពបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុន AIAI និងស្ថាប័នពាក់ព័ន្ធ ក្នុងដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ហើយអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ៕