សម្តេចធិបតី អនុញ្ញាតិឲ្យប្រធានគណៈ​កម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន ចូលជួបសម្តែងការគួរសម

0
80

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈ​កម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូល​ជួប​សម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​តែង​តែ​បាន​យកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព​វិនិយោគដែលមានស្រាប់នៅកម្ពុជា​ លើវិស័យ​វាយនភ័ណ្ឌ​ ការផ្គត់ផ្គង់​ឧស្ម័ន និង​លើ​វិស័យ​កសិកម្ម​ ដែលផ្តោតសំខាន់លើ​ ដំណាំល្ង​ និង​ពីគោលបំណង​ នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈ​វាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។

លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សា​ស្រាវជ្រាវ​អំពី​បរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេស​កម្ពុជា​ផងដែរ​។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និង​គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​អាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន នៃ​សភាពាណិជ្ជ​កម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់​ពង្រី​កនូវ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀត។ សម្តេចធិបតី ក៏បានគូសបញ្ជាក់​អំពី​ភាព​ទាក់​ទាញ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែល​ធានា​បាន​នូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាព​បត់បែន​។

សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ជប៉ុន​នឹង​កាន់​តែប​ង្កើន​នូវ​លទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹង​ភាព​ជឿជាក់ និងប្រាកដនិយម ហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និង​សហការ​ជាមួយ​វិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជា​មជ្ឈ​មណ្ឌលតំបន់៕