សម្រាប់អ្នកចូលចិត្តមើលថ្ងៃលិច កុំភ្លេចឲ្យសោះកន្លែងទាំងបីនេះ ពិសេសសម្រាប់អ្នកចូលចិត្តថតរូបបែបថ្ងៃលិច

0
52

ថ្ងៃនេះសារព័ត៌មានInnews សូមណែនាំប្រិយមិត្តដែលចូលចិត្តកន្លែងកម្សាន្តបែបថ្ងៃលិច អមជាមួយទេសភាព និងខ្យល់អាកាសបរិសុទ្ធ ហើយស្រស់ស្អាតបំផុតប្រចាំខេត្តសៀមរាបនោះគឺ៖

១.ខ្លោង​ទ្វារ​តាកាវ

ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ​និង​អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និង​ថតរូប​នៅ​ខ្លោង​ទ្វារតាកាវ។ ស្ថិតនៅទិសខាងលិច​នៃក្រុងអង្គរធំ ខ្លោងទ្វារតាកាវ​មានចំណុច​ពិសេសជាង​ខ្លោងទ្វារផ្សេងៗ​ទៀត ដោយសារ​តែខ្លោង​ទ្វារ​នេះមានពន្លឺព្រះអាទិត្យ​រៀបលិច​ចាំង​លើ ធ្វើឱ្យសម្រស់​ខ្លោងទ្វារ​កាន់តែ​ស្រស់​ស្អាត ហើយ​ដែល​អ្នក​អាច​ទស្សនា​ថ្ងៃរៀប​លិច កសិន្ធុ​ព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។

២.ប្រាសាទ​ភ្នំក្រោម

ប្រាសាទភ្នំក្រោម ជម្រើស​ទស្សនា​ទិដ្ឋភាព​ថ្ងៃរះ និង​ថ្ងៃរៀបលិច​ដ៏ទាក់ទាញ​មួយ​ទៀត ដោយសារ​ទីនោះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​​ប៉ុន្មាន​ពីក្រុងសៀមរាប ពោល​គឺ​ប្រហែល ១២ គីឡូម៉ែត្រ​ប៉ុណ្ណោះ ស្ថិត​ក្នុង​សង្កាត់​ចុងឃ្នៀស ជាប់​ផ្ទៃ​បឹង​ទន្លេ​សាប​។ខុសប្លែកពី​នៅប្រាសាទអង្គរវត្ត និង​ប្រាសាទ​ភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយ​ភ្ញៀវ​ទេសចរ​ដទៃទៀត​ អ្នកទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃរះនិង​ថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតនៅប្រាសាទ​ភ្នំក្រោម​ អមដោយទេស​ភាព​ព្រៃលិចទឹក ដាច់កន្ទុយភ្នែក។

ក្រៅពីគយគន់​ថ្ងៃលិច ភ្ញៀវទេសចរ​​ក៏​អាច​​ទស្សនា​​ទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ មើល​វាលស្រែប្រាំងរបស់កសិករនៅជុំវិញនិងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូត​និង​កាណូតបន្លឺឡើងមិនចេះដាច់ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើន​ដេរដាស់គួរជាទីចាប់អារម្មណ៍។

៣.ភ្នំបាក់ខែង

មុន​ពេលដែលរាត្រីកាលមកដល់ ទាំង​ភ្ញៀវទេសជាតិ​និង​អន្តរជាតិ​​រាប់រយនាក់​ក្នុងមួយថៃ្ងៗ​ បាន​មក​ពពាក់ពពូន​គ្នា​មក​ទស្សនា​ប្រាសាទ​ភ្នំបាខែង ជា​ទី​ប្រជុំ​នូវ​ភ្ញៀវទេសចរដើម្បី​មើលថៃ្ងលិច​និងមើលទេសភាព​នៅតំបន់​អង្គរ​ស្ទើរតែ​ទាំងមូល​។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ស្ថិតនៅខាងឆ្វេង​ដៃផ្លូវពីអង្គរវត្តទៅអង្គរធំ ជា​កន្លែង​ដែល​អាច​ទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន​នៅពេលថ្ងៃលិច៕