សារលិខិតនាយករដ្ឋមន្ត្រី ក្រើនរំលឹកដល់កងទ័ពឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមវិធានការ​ទប់ស្កាត់​មហិច្ឆតា​របស់ជនក្បត់ជាតិ

0
352

យោងតាមសារលិខិតជូនពររបស់ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន កងទ័ពជើងគោក(២៤មករា ១៩៩៩-២៤មករា ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បើទោះជាបច្ចុប្បន្ន យើងកំពុងមានមោទនភាព​ ចំពោះស្នាដៃ និង​សមិទ្ធ​ផល​ជាច្រើន ដែលសម្រេចបានមកហើយ យ៉ាងណាក្តី ប៉ុន្តែយើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ជ្រួត​ជ្រាប​ថា ឆ្នាំ២០២៤នេះ បើទោះបីកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬ​ដោយ​ប្រយោល​ពី​ស្ថានការណ៍​អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើរភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ នៅជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់ គួបផ្សំ​នឹង​ការ​ផុយ​ស្រួយ​ដែល​បង្ក​ឡើង​ដោយ​ការ​វិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែកផ្នែកភូមិសាស្រ្ត នយោបាយ និង​សេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ ពណ៌ ព្រម​ទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ ជន​ក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់​ទាមទារ​ឲ្យ​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។

 សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹក និងប្រាប់​ដល់កងទ័ព​នៃ​កងយោធពលខេមរភូមិន្ទទាំងអស់ គប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង​ត្រៀមរាល់​វិធានការ​ទប់ស្កាត់​មហិច្ឆតារបស់ ជនក្បត់ជាតិ និងបញ្ហាសកលដូចការបញ្ហាអំពើរភេរវកម្មជាដើម។

តាមរយៈសារលិខិតនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែង កោតសរសើរ ដល់កងទ័ព ទាំង​អស់ ជាពិសេសកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបាន​ធ្វើ​ពលិកម្ម​យ៉ាង​ធំ​ធេង ​ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​កំពុងប្រឈម និងរងគ្រោះដោយសារសង្រ្គាម អំពើភេរវកម្ម និងព្រឹត្តិការណ៍​អន្តិសុខ​ផ្សេង​ៗ​ទៀតជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងទ័ពជើងគោក សម្រេច បាន​នា​ពេលកន្លង​មកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ ប្រសិនជាមិនមាន​ការ​ចូលរួម​ចំណែក​ពី​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិនគ្រប់រូប ក្នុងការបំពេញភារកិច្ច ប្រកប​ដោយ​ភាព​អង់​អាច​ក្លាហាន ​មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់​ស្ថាន​ភាព​នោះ​៕