សាលាបច្ចេកទេសNPIC៖ យុវជនជិត៤ពាន់នាក់ បោះជំរុំរួមគ្នា បង្ហាញពីសាមគ្គីភាពក្រោមដំបូលសន្តិភាព

0
73

សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថាពិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ«យុវជនក្រោមដំបូលសន្តិភាព»គឺជាព្រឹត្តការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីការសាមគី្គភាពគ្នា សហការគ្នា ស្រលាញ់គ្នារវាងយុវជន និងយុវជនក្នុងការធ្វើកិច្ចការងារមួយទទួលបានជោគជ័យ។

យុវជន ឡាយ អ៊ីវស៊ូ ដែលជានិស្សិតរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានលើកឡើងថា៖«ការបោះជំរុំនេះគឺមានសារសំខាន់ណាស់សម្រាប់យុវជនពីព្រោះវាជាកិច្ចការងារមួយដែលទាមទារជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅទីនេះគឺបានរួបរួមគ្នាល្អណាស់ក្នុងពិធីបោះជំរុំឆ្នាំនេះ»។

យុវជនរូបនេះបន្ថែមថាការបោះជំរុំនេះគឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំដែលមានសិស្សប្រមាណជិត៤ពាន់នាក់បានចូលរួមបោះជំរុំហើយកិច្ចការងារមួយចំនួននៃការបោះជំរុំនេះធ្វើឡើងដោយមានកិច្ចសហការរវាងយុវជន និងយុវជននៅទីនេះផ្ទាល់តែម្តង ដែលកិច្ចការយុវជនទាំងអស់អាចធ្វើវាបានដោយរលូន។

យុវតី មឿន សុហេង ដែលជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក៏បានលើក
ឡើងថា ការបោះជំរុំក្រោមប្រធាន យុវជនក្រោមដំបូលសន្តិភាព ឆ្នាំនេះគឺមានភាពអស្ចារ្យខ្លាំងណាស់
ដោយវាត្រូវបានធ្វើឡើងក្រោមស្មារតីរួបរួមគ្នា និងអធ្យាស្រ័យគ្នា ស្របទៅតាមស្មារតីនៃរបៀបវិរៈបោះ
ជំរុំរបស់យើង គឺយុវជនក្រោមដំបូលសន្តិភាព។

ដោយឡែកយុវតី ម៉ឺន ដាណេត  ដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមួយរូបទៀតបានស្នើសុំឱ្យថ្នាក់ដឹកនាំទាំងអស់គិតគូរក្នុងការបន្តរៀបចំពិធីដ៏ល្អនេះជារៀងរាល់ឆ្នាំ ពីព្រោះតាមរយៈពិធីនេះហើយទើបធ្វើឱ្យយុវជនដែលសុទ្ធសឹងតែជាបញ្ញវន្តជំនាន់ក្រោយមានស្មារតីសាមគ្គីគ្នា សហការគ្នា ស្រលាញ់គ្នា និងជាពិសេសអាចធ្វើកិច្ចការងាររួមគ្នាមួយប្រកបដោយស្មារតីជឿជាក់ និងពុះពារ។

យុវជន ហុក សៀងហៃ ជានិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានលើកឡើងថា៖«យើងមើលទៅ ប្រធានបទនៃការបោះជំរុំគឺ យុវជនក្រោមដំបូលសន្តិភាព គឺមានអត្ថន័យណាស់វាបញ្ជាក់ពីយុវជនដែល
រស់នៅប្រកបដោយកម្លាំង សាមគ្គីគ្នា ទើបពួកយើងក្លាយជាបញ្ញវន្តជំនាន់ក្រោយរបស់ប្រទេសយើង»។

គូសបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាននឹងកំពុងរៀបចំកម្មវិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ កុម្ភៈ រហូតដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ៣៨៥១នាក់៕