សាលា NPIC រៀបចំពិធីសង្ក្រាន្តដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ

0
57

ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានរៀបចំកម្មវិធីសង្ក្រាន្តប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ ខែមេសា ២០២៤ ដើម្បីថែរក្សាប្រពៃណីជាតិទំនៀមទម្លាប់របស់ខ្មែរដ៏ផូរផង់។

ការរៀបចំកម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅឆ្នាំនេះ មានលេងល្បែងប្រជាប្រិយជាច្រើនរួមមាន ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង វាយក្អម ពង្រាត់កូនក្រមុំ លោតបាវ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និងរក្សានូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរ។

យុវជន ឡាយ អ៊ីវស៊ូ និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាលើកឡើងថា៖«កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាត្រូវបានរៀបចំឡើងតាមបែបប្រពៃណីដើម្បីថែររក្សានូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀតដែលមានសិស្ស និស្សិតចូលរួមជាច្រើនរយនាក់»។

យុវជនរូបនេះបន្ថែមថា សង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមិនត្រឹមតែធ្វើឡើងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានបំណងជួបជុំបងប្អូនដែលជានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាដើម្បីពង្រឹងភាពស្និទ្ធស្នាល មិត្តភាពរវាងគ្នានិងគ្នាផងដែរ។

យុវជនរូបនេះអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែរក្សាវប្បធម៌ខ្មែរដ៏ផូរផង់តាមរយៈការលេងល្បែងប្រជាប្រិយដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយពីព្រោះការថែរក្សាវប្បធម៌ខ្មែរ គឺជាកាតព្វកិច្ចរបស់យុវជនខ្មែរគ្រប់រូប ដែលនិស្សិត បញ្ញវន្ត ជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សីរបស់ប្រទេសកម្ពុជានាពេលអនាគត។

យុវតី ហាក់ ឡៃហ៊ាង ជានិស្សិតសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាថា៖«ខ្ញុំសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននៅឆ្នាំនេះ ពីព្រោះកម្មវិធីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែររក្សាវប្បធម៌ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទខុសៗគ្នានៅថ្ងៃសង្ក្រាន្តដែលមានសិស្សនិស្សិតចូលរួមយ៉ាងច្រើនកុះករផងដែរ»។

យុវតីរូបនេះសង្ឃឹមថាវិទ្យាស្ថាននឹងបន្តរៀបចំឱ្យមានកម្មវិធីបែបប្រពៃណីបន្តបន្ទាប់ទៀតពីព្រោះវាមានសារសំខាន់ណាស់។ លើកពីនេះទៅទៀតវាជាឱកាសមួយសម្រាប់យុវជន ក៏ដូចជានិស្សិតទាំងអស់ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា មានពេលវេលាជុំគ្នា ស្គាល់គ្នា  បង្កើនភាពស្និទ្ធស្នាល និងជាពិសេសនោះបានជួបជុំលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននៅទីនេះ។

ទន្ទឹមនឹងនេះនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែររក្សាសម្បត្តិវប្បធម៌ខ្មែរ តាមរយៈការលេងល្បែង ប្រជាប្រិយខ្មែរអំឡុងពេលចូលឆ្នាំ។ សម្បត្តិដ៏មានតម្លៃឥតកាត់ថ្លៃបានរបស់ជាតិទាំងនេះ យុវជនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា ការពារសម្បត្តិរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក្នុងនោះដែរយុវជនត្រូវ ខិតខំរៀនសូត្រ ធ្វើជាយុវជន យុវតី ឆ្នើម ដើម្បីប្រទេសជាតិ និងក្លាយជាទំពាំងដ៏ល្អសម្រាប់ស្នងឬស្សីនាពេលអនាគត។

គូសបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅ តាម វិទ្យាស្ថាន បណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅ ក្រោម ក្រសួងការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្តប្រចាំសាលារបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤។ វិទ្យាស្ថាននីមួយៗបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ដើម្បីថែរក្សា និងបណ្តុះស្មារតីរបស់យុវជន និស្សិតបញ្ញវន្តខ្មែរឱ្យចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិផងដែរ៕