សិក្ខាកាមក្រីក្រខេត្តកោះកុងពេញចិត្តក្នុងការរៀនជំនាញដោយសារមានសម្ភារៈអនុវត្តផ្ទាល់ដ៏សំបូរបែប

0
86

យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងលើកឡើងថា ខ្លួនពេញចិត្តក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលពីព្រោះការសិក្សាប្រកបដោយភាពទាក់ទាញ មានការអនុវត្តផ្ទាល់ រួមទាំងកម្មវិធីសិក្សាដ៏ល្អរបស់គ្រួបង្រៀន ។

យុវតី ដារ៉ា រស្មី ជាសិក្ខាកាមសិក្សាជំនាញអគ្គិសនី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានលើកឡើងថា ខ្លួនពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈផ្នែកអគ្គិនេះណាស់ ពីព្រោះចាប់តាំងពីការចូលរៀនដំបូងមកទល់ពេលនេះ ការសិក្សាមានការអនុវត្តផ្ទាល់ដូចកំពុងធ្វើការដូច្នេះដែរ។ ការសិក្សាជំនាញនៅទីនេះមានទាំងទ្រឹស្តីនិងការអនុវត្តដើរទៅទន្ទឹមគ្នា ហើយសម្ភារៈវិញគឺមានគ្រប់គ្រន់។

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះសិក្សានូវការរៀបចំផែនការការងារទាក់ទងនឹងជំនាញអគ្គិសនី ការរៀបចំឧបរកណ៍អគ្គិសនី ជាពិសេសនោះខ្លួនក៏បានសិក្សាលើការតបណ្តាញកាមេរ៉ាសុវត្ថិភាពដែលមានចរន្តអគ្គិសនីស្មុគស្មាញផងដែរ។ តាមរយៈការសិក្សាមានទាំងការអនុវត្តផ្ទាល់ និងទ្រឹស្តីនេះខ្លួនសង្ឃឹមថារយៈពេល៤ខែនៃការសិក្សាជំនាញនេះ ខ្លួននិងមានការរីកចំរើនទៅមុខ។

យុវតីដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះគឺល្អណាស់សម្រាប់យុវជនក្រីក្រពីព្រោះវាជាឱកាសមួយដ៍ល្អមួយសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត។

សិក្ខាកាមបានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕