សិក្ខាកាមជាង១ម៉ឺននាក់ដែលចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនឹងក្លាយជាចរន្តពង្រីកកម្លាំងជំនាញក្នុងស្រុក

0
228

ភ្នំពេញ៖ សិក្ខាកាមជាង១ម៉ឺននាក់ដែលមានឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវគ្គទី១នឹងក្លាយទៅជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការពង្រីកកម្លាំងជំនាញនៅក្នុងស្រុកបន្ទាប់ពីពួកគេបញ្ចប់ការសិក្សារយៈពេល៤ខែ។នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន និងសមាគមឯកជននៅកម្ពុជា

ការលើកឡើងបែបនេះបន្ទាប់ពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ វគ្គទី១។ កម្មវិធីបណ្តុះបណ្តាលនេះមានសិស្សចំនួន៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន១៥០០០នាក់ដែលសិក្សាក្នុងវិស័យចំនួន១០ លើមុខជំនាញចំនួន៣៨នៅទូទាំងប្រទេស។

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បានលើកឡើងថា៖«ការចូលមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះប្រសិនបើគាត់រៀនចប់ រៀនចេះ និងមានការងារធ្វើ នោះពិតជារឿងមួយយ៉ាងសំខាន់ណាស់សម្រាប់រុញចរន្តវិស័យការងារផង និងជំរុញសេដ្ឋកិច្ចកម្ពុជាផង»។

លោកបន្ថែមថា យុវជនប្រមាណជាង១ម៉ឺននាក់ដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា ពីព្រោះកាលណាកម្ពុជាមានកម្លាំងជំនាញស្រាប់ និងគ្រប់គ្រន់ នោះអ្នកវិនិយោគិនទាំងនោះនឹងហូរមកចូលកាន់ប្រទេសកម្ពុជា។

ដោយឡែក លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាក៏បានលើកឡើងដែរថា៖«ចំនួននេះគឺច្រើនគួរសមប្រសិនបើពួកគេរៀនចប់ ហើយពិតជាមានគុណភាព នោះវានឹងក្លាយជាកម្លាំងជំរុញទាំងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាមួយផ្នែកនៃការរុញកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០»។

លោកបន្ថែមថាកម្លាំងជំនាញរបស់យុវជនគឺមានសារសំខាន់ណាស់ប្រសិនបើយុវជនម្នាក់ពុំមានការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈត្រឹមត្រូវទេនោះតម្លៃនៃកម្លាំងពលកម្មរបស់គេទាប ប៉ុន្តែផ្ទុយមកវិញប្រសិនយុវជនមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវស្តង់ដា និងគុណភាព នោះតម្លៃនៃកម្លាំងជំនាញរបស់ពួកគេគឺថ្លៃ ហើយអាចមានប្រាក់ចំណូលសមរម្យផងដែរ៕