សិក្ខាកាមសាលា NTTI ជំនាញរចនាក្រាហ្វិចដោយកុំព្យូទ័រ ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនចំនួន៣សប្តាហ៍

0
39

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្នែក រចនាក្រាហ្វិចដោយកុំព្យូទ័រ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចុះកម្មសិក្សារយៈពេល៣សប្តាហ៍នៅក្រុមហ៊ុន TSPH Printing House  ដើម្បីអនុវត្តផ្ទាល់ និងពង្រីកសមត្ថភាពលើជំនាញរបស់ខ្លួន។

ការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននេះបន្ទាប់ពីសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ជាង៣ខែមកហើយ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលមួយនេះត្រូវបានបើកបវេសនកាលជាផ្លូវការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម យ៉ោក សុទ្ធី បានលើកឡើងថា៖«ការចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស នេះគឺមានសារសំខាន់ណាស់ ដើម្បីផ្សារភ្ជាប់មេរៀនដែលបានសិក្សានៅក្នុងថ្នាក់។ ការចុះកម្មសិក្សាគឺជាអនុវត្តផ្ទាល់ ឃើញផ្ទាល់នៃការដំណើរការនៃក្រុមហ៊ុនឯកជននោះ ត្បិតនៅក្នុងសាលាក៏មានរោងជាងដែរ តែយ៉ាងណាក៏ដោយមិនអាចបំពេញសេចក្តីត្រូវការ និងបានឃើញជាក់ស្តែងដូចការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននោះទេ»។

ឯកឧត្តមនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា វិទ្យាស្ថានបានដាក់ចេញវិន័យតឹងរឹងចំពោះសិក្ខាកាមដែលត្រូវចុះកម្មសិក្សា ក្នុងនោះសិក្ខាកាមទាំងអស់ត្រូវសរសេររបាយការណ៍របស់ខ្លួនអំពីការចុះកម្មសិក្សាដូចជា ទី១សិក្ខាកាមសង្កេតឃើញអ្វីខ្លះនៃដំណើរការក្រុមហ៊ុន, ទី២សិក្ខាកាមធ្វើអ្វីខ្លះអំឡុងពេលចុះកម្មសិក្សា, ទី៣សិក្ខាកាមពិនិត្យឃើញនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបែបណា និងទី៤សកម្មភាពប្រចាំថ្ងៃនៃការចុះកម្មសិក្សារបស់សិក្ខាកាមផ្ទាល់ផងដែរ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នឹងបន្តបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្សេងៗទៀតរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនបន្តបន្ទាប់នាពេលខាងមុខទៀត។ វិទ្យាស្ថានតែងតែខិតស្វែងរកដៃគូរ ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីអាចបញ្ជូនសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់សិក្ខាកាម។

 

ទន្ទឹមនឹងនេះឯកឧត្តមអំពាវនាវឱ្យសិក្ខាកាមចុះកម្មសិក្សាជំនាញខិតខំក្រេបជញ្ជក់ចំណេះដឹង អង្កេត រៀនសូត្រ ពីការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ពីព្រោះសិក្ខាកាមមានឱកាសជ្រើសរើសធ្វើការនៅក្រុមហ៊ុនឯកជននោះបន្ទាប់ពីចុះហាត់ការល្អ៕