សិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនេះ សាលាមិនយកថ្លៃសិក្សាឡើយ

0
188

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានថ្លែងថា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាខ្មែរ ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ដែលក្រសួងគ្រោងនឹងបើកលើកដំបូងចាប់ពីខែកុម្ភៈ ខាងមុខនេះ នឹងមានសិស្សចំនួន ៣០០នាក់ចូលរួម ដោយក្នុងនេះធ្វើឡើងចំនួន១៣ទីតាំង លើមុខជំនាញចំនួន១១ ។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងវប្បធម៌បានឱ្យដឹងថា សម្រាប់មុខជំនាញដែលគ្រោងនឹង   បណ្តុះបណ្តាលនោះ រួមមានដូចជា ឌុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, កម្បាញក្រមាក្រំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ, និងចម្លាក់ស្មិត ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌បានបញ្ជាក់ឱ្យដឹងដែរថា សិស្សដែលមកពីគ្រួសារក្រីក្រ ដែលមាន  ប័ណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ដែលមានប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០ ០០០ម៉ឺនរៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ ។​ អ្នកដែលមានបំណងចង់សិក្សាវិជ្ជាជីវៈ ត្រូវរួសរាន់ចុះឈ្មោះចូលរៀន ដ្បិតកន្លែងសិក្សាមានកំណត់ ។ ពិសេសយុរជនដែលមានបំណង ចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនកា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទ: ០១៧ ៤៣១ ៣០២/ ០៨៨ ៨៥៣ ៥៦៣៦ ,០៩៦ ៥២២ ៧៣៦៩, តេឡេក្រាម: ០១៧ ៤៣ ១៣ ០២ និងអីម៉ែល : [email protected]

ទាក់ទិនក្នុងរឿងនេះឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឱ្យដឹងថា ” ការបណ្តុះបណ្តាលមុខជំនាញដូនតាខ្មែរយើងនេះ គឺដើម្បីលើកស្ទួយវប្បធម៌យើងជំនាន់មុន ដើម្បីឱ្យកូនខ្មែរបានចេះ ហើយអាចប្រកបមុខរបរនេះយូរអង្វែង ទៅថ្ងៃខាងមុខទៀត។ ការបណ្តុះបណ្តាលនេះ ជាគម្រោងសាកល្បងលើកទី១ ដោយការបណ្តុះបណ្តាលនេះធ្វើឡើងតាមមូលដ្ឋាន ដើម្បីឱ្យកូនខ្មែរមានជំនាញច្បាស់លាស់ ” ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា វគ្គទី១ដែលជាគម្រោងសាកល្បង នឹងធ្វើឡើងចំនួន១៣ទីតាំងលើមុខជំនាញចំនួន១១ ។ សម្រាប់គ្រូបង្រៀន គឺអ្នកជំនាញចាស់ៗតាមមូលដ្ឋាន ដែលគាត់បានរៀនចេះជំនាញនេះតាំងតែពីដូនតាមក ។ ការបង្រៀនគឺធ្វើឡើងតាមផ្ទះគ្រូបង្រៀនផ្ទាល់ ដោយក្នុងនេះមួយ   វគ្គៗមិនលើស១៥នាក់ទេ ។ យើងនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់ (គ្រូបង្រៀន) ។

ឯកឧត្តមបានលើកឡើងដែរថា សម្រាប់ចំណេះជំនាញដូនតាខ្មែរមួយនេះ ត្រូវបានក្រសួងវប្បធម៌រៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការបណ្តុះបណ្តាលកូនខ្មែរឱ្យបានចេះ ដើម្បីរក្សានូវកេរមរតកនេះ ដល់កូនចៅជំនាន់ក្រោយបន្តទៀត ។ ការបណ្តុះបណ្តាលនេះ វាក៏ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាការកសាងនូវសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា ទាំងពេលបច្ចុប្បន្ន និងអនាគត ។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា នៅពេលការសាកល្បងជោគជ័យក្រសួងនឹងពង្រីកបន្ថែមទៀត នៃការបង្រៀនជំនាញវិជ្ជាជីវៈដូនតាខ្មែរមួយនេះ ។ក្រៅពីនេះពេលរៀនចប់ពួកគេអាចប្រកបមុខរបរស្នាដៃដូនតា ដែលមិនត្រឹមតែលើកស្ទួយស្នាដៃវប្បធម៌ខ្មែរទេ ប៉ុន្តែក៏ជួយផងដែរដល់ថវិកាពួកគាត់ ក្នុងការរកប្រាក់ចំណូល ទាំងការលក់នៅក្នុងស្រុក និងបរទេស ហើយក៏ដូចជាលក់ជូនដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការរៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈខាងមុខនេះតទៅ នៅទីតាំងចំនួន១៣ ក្នុង៨ រាជធានី-ខេត្ត ។ ក្នុងនោះមាន រាជធានីភ្នំពេញ,ខេត្តសៀមរាប, កំពង់ឆ្នាំង, កំពង់ស្ពឺ, តាកែវ, រតនគិរី, កំពង់ចាម, និងខេត្តកណ្ដាល៕