ក្រសួងការងារជូនដំណឹងស្តីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ (លើកទី៨)

0
39

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣នៃរោងចក្រទាំង២៣  នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ)ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃ សេចក្តីនាំ លេខ០២០/២៣ ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការព្យួរកិច្ចសន្យាការងារកម្មករ និយោជតធ្វើការនៅរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល ឲ្យបានដឹងថា ធនាគារវីវ (ខេមបូឌា)ម.ក នឹងផ្ញើរសារអំពីការបើកប្រាក់ឧបត្ថម្ភរសប់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឲ្យក្រសួងតាម រយៈរដ្ឋបាលរោងចក្រនាពេលកន្លងមក នេះបើតាមលិខិតជូនដំណឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ​។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះរួមមាន៖

-៨១០០០រៀល (២០ដុល្លារអាមេរិក)សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១៤ថ្ងៃ។

-១៦២០០០រៀល (៤០ដុល្លារអាមេរិក)សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១៥ថ្ងៃ ដល់១ខែ។

សូមរំឮកថា ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២៣នេះ មិនបានទទួលសារ ទូរស័ព្ទពីធនាគារវីងនោះ សូមបងប្អូនទំនាក់ទងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅ រដ្ឋបាលរោងចក្ររបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទទួលបានការអនុញ្ញាតិព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕