សំណង់ព្រះវិហារដ៏ចំណាស់ និងស្ថាបត្យកម្មល្អឯក នៅវត្តល្អក់ ឬអារញ្ញរង្សី ត្រូវបានអភិរក្ស

0
1013

ភ្នំពេញ៖ យោងតាមបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ នេះបើតាមអង្គភាពសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។

ផេកផ្លូវការរបស់ក្រសួងខាងបានបន្តថា ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង និងសសរជុំវិញតួព្រះវិហារ សង់អំពីឥដ្ឋ។ ដំបូលព្រះវិហារមានសណ្ឋានជាដំបូលកឹង ប្រក់ក្បឿងស្រកាលិញ និងមានជហ្វាចំនួនបួន ដែលជហ្វានេះសាងសង់អំពីឈើ ហើយមានសណ្ឋានជារូបនាគពេញលេញ និងប្លែកត្រង់គែនៃជហ្វា បានច្នៃឆ្លាក់ជារូបមុខមនុស្ស។

ចំពោះហោជាងសងខាងនៃព្រះវិហារ ត្រូវបានសាងអំពីឈើ នៅហោជាងខាងកើតមានឆ្លាក់រូបព្រះចូឡាមណីចេតិយ នៅឋានត្រ័យត្រិង្ស គឺឋានសួគ៌ជាន់ទី២ ដែលតម្កល់នូវព្រះកេសាព្រមទាំងស្នៀតព្រះកេស និងព្រះចង្កូមកែវខាងស្តាំ នៃព្រះសក្សមុនីសម្មាសម្ពុទ្ធ។

គួរបញ្ជាក់ថា បច្ចុប្បន្នព្រះវិហារកំពុងត្រូវបានជួសជុល និងអភិរក្សឡើងវិញ ដើម្បីរក្សានូវស្នាដៃដ៏ពិសិដ្ឋ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្ម និងជាមរតករបស់បុព្វការីជនយើង ឱ្យនៅគង់វង្សជាបន្តទៅទៀត៕