ស្ថាប័នក្រសួង២នឹងរៀបចំទិវាសរសេរតាមអាន «សំណេរអង្គរ» ដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ ខណៈម្ចាស់ជ័យលាភីទទួលថវិកាជិត២លានរៀល និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ដោយមិនគិតថ្លៃ​​

0
47

ភ្នំពេញ៖ ដើម្បីលើកស្ទួយ និងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេស សម្រាប់សិស្ស និស្សិត ក្នុងសម័យឌីជីថល ដែលបច្ចុប្បន្នភាពសង្កេតឃើញថា កម្រិតអក្សរសាស្ត្រខ្មែរ ទាំងវេយ្យាករណ៍ ទាំងអក្ខរាវិរុទ្ធហាក់ដូចជាមានការធ្លាក់ចុះគួរឲ្យបារម្ភ ដូច្នេះហើយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទំាងអ្នកពាក់ព័ន្ធបានសហការគ្នារៀបចំទិវាសរសេរតាមអានមួយ ដែលក្រុមការងារសូមលើកសំណើរដាក់ឈ្មោះថា « សំណេរអង្គរ» ។

ចំពោះសំណេរអង្គរនេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ នាថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលរយៈពេល ១ម៉ោង ពីម៉ោង៨ ដល់ម៉ោង៩ព្រឹក នៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ដែលអ្នកចូលរួម អាចជាសិស្ស និស្សិត មានអាយុចាប់ពី១៨ឆ្នាំចុះ។

គួររំលឹកថា ទិវាសរសេរតាមអាននេះ ក្រៅពីជាមធ្យោបាយមួយសម្រាប់ទាញចំណាប់អារម្មណ៍របស់សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឲ្យអ្នកចូលរួមដោយផ្ទាល់ ក្នុងការពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុនៃសំណេរនេះផងដែរ។ ជាក់ស្តែង តាមរយៈការប្រកួតសរសេរតាមអាន ដែលមានចំណងជើងថា «សំណេរអង្គរ» ស្ដីពីជីវិតរមណីយដ្ឋានអង្គរនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងទូទៅ ជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ។

សូមបញ្ជាក់ផងដែរថា កម្មវិធីទិវាសរសេរតាមអាននេះ ក្រសួងលើកទឹកចិត្តចំពោះជ័យលាភីលេខ១ បេក្ខជន ឬបេក្ខនារី នឹងទទួលបានការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ១,២០០,០០០រៀល, ជ័យលាភីលេខ២៖ ស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៨០០,០០០រៀល និងជ័យលាភីលេខ៣៖ ស្នាក់នៅសណ្ឋាគារផ្កាយ ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៤០០,០០០រៀល៕ដោយ៖ នាង ស្រស់