ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ពី អគ្គស្នងការនគរបាលជាតិ ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីប្រសិទ្ធភាពការងារ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។
តាមលិខិតស្នើសុំគោលការណ៍ទៅអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែកន្លងមកនេះ កម្លាំងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំងតូច ទាំងធំ បានចំនួន ១០៩ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៦៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួន ១៨៧៥១,៩៩ក្រាម។ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងនគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦។
ទន្ទឹមទទួលបានលទ្ធផលនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលនគរបាលបានធ្វើកន្លងមក ក៏ទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាហូរហែរផងដែរ។ ដូចនេះដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែទទួលបានជោគជ័យ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ពីអគ្គស្នងការនគរបាលជាតិ អនុវត្ត៖
១. ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលដែលមានក្របខ័ណ្ឌពេញសិទ្ធិ ក្នុងខេត្តព្រៃវែងទាំងមូលជាប្រចាំ ធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។
២. ករណីមន្ត្រីគេចវេសមិនចូលរួមពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់របស់ស្នងការដ្ឋាននរគបាលខេត្ត គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ)។
៣. ករណីរកឃើញមន្ត្រីមានការប្រើប្រាស់គ្រឿងញៀន គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ) បណ្តញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
៤. យុទ្ធនាការតេស្តរកសារធាតុញៀននេះ នឹងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយទោ ឈឿន ប៊ុនឆន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕