ស្អែកនេះ នាយករដ្ឋមន្តី្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព ខណៈមន្ទីរពេទ្យជាតិនេះធំជាងគេប្រចាំនៅកម្ពុជា  

0
43

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព”​ និងប្រកាសដាក់ឱ្យ​អនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” នាថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣ ខណៈមន្ទីរពេទ្យជាតិតេជោសន្ដិភាព ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

គួរជម្រាប់ជូនថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»គឺជាមន្ទីរពេទ្យជាតិធំជាងមន្ទីរមិត្តភាពខ្មែរសូវៀត ឬហៅថាពេទ្យរុស្ស៊ីបច្ចុប្បន្ន ដល់ទៅ ១០ដង ដែលមានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលជិត ១ម៉ឺនគ្រែ។ មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» កាលពីព្រឹកថ្ងៃទី១៩មករានេះ ដោយសម្តេចបានអះអាងថា មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យរដ្ឋធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពពិនិត្យព្យាបាលទំាងអ្នកជំងឺឆ្លង និងទាំងជំងឺទូទៅ៕ by៖ Sros