ស្អែកនេះ! ឱកាសការងារថ្មីបន្ថែមទៀត៣០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

0
85

វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៤ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៣០០ កន្លែង ដល់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៤ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chokchey, ធនាគារ ស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Bamboo និងក្រុមហ៊ុន MEKONGNET។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក យ៉ង់ ម៉ារីយ៉ា មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារ ស្ថាបនា បានលើកឡើងថា វេទិកាការងារស្អែកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។ លោកបន្ថែមថា ជម្រើសដ៏ប្រសើរនោះ គឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុនដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនច្រើនដែលចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះតែម្តង។

មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារស្ថាបនា រូបនេះ អំពាវនាដល់អ្នកដែលនឹងមកចូលរួមក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះ សូមត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន និងរៀបចំខ្លួនឱ្យបានស្អាតដើម្បីដាក់ពាក្យជាមួយក្រុមហ៊ុនដែលខ្លួនស្រឡាញ់។ ពិសេសមុននឹងមកសម្ភាសជាមួយក្រុមហ៊ុនណាមួយសូមស្រាវជ្រាវព័ត៌មានពីក្រុមហ៊ុននោះជាមុនសិន។

ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕