អគ្គនាយកដ្ឋានពន្ធដារ​ណែនាំ​ឱ្យ​អ្នកសារព័ត៌មាន​២​ប្រភេទ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដើម្បី​រួច​ពន្ធ​ប៉ាតង់​៥​ឆ្នាំ​

0
428

ភ្នំពេញ៖ យោងតាមអង្គភាពសារព័ត៌មាន innews ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្ដល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដោយ​ចាត់​ជា​បន្ទុក​របស់​រដ្ឋ​នូវ​ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ដល់​អ្នកសារព័ត៌មាន​កា​សែត និង​សារព័ត៌មាន​អន​ឡាញ ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម​សារព័ត៌មាន​នៅ​កម្ពុជា រយៈពេល​៥​ឆ្នាំ រាប់​ចាប់ពី​ឆ្នាំ​២០២៣​នេះ រហូតដល់​ឆ្នាំ​២០២៨​ខាងមុខ​។ អ្នកសារព័ត៌មាន​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បាន​ចាត់​ចូលទៅ​ក្នុង​ចំណាត់ថ្នាក់​ជា​អ្នក​ជាប់ពន្ធ​តូច​។ នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់ថា អ្នកសារព័ត៌មាន​កាសែត និង​សារព័ត៌មាន​អន​ឡាញ ដែល​ទទួលបាន​ការលើក​លែង​ការបង់ពន្ធ​ប៉ាតង់​នេះ ត្រូវ​ប្រកាស​ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​តាម​ប្រព័ន្ធ​អន​ឡា​ញ ប៉ុន្តែ​មិន​តម្រូវឱ្យ​បង់​ប្រាក់​ប៉ាតង់​នៅក្នុង​អំឡុងពេល​នៃ​ការលើកលែង​ពន្ធ​នេះ​ទេ ពោល​គឺ​ចន្លោះ​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់ទៀតថា ដើម្បី​ទទួលបាន​ការលើកលែង​ការបង់ពន្ធ​ប៉ាតង់​នេះ អ្នកសារព័ត៌មាន​ទាំង​កាសែត និង​អ្នកសារព័ត៌មាន​អន​ឡាញ ដែល​បាននិងកំពុង​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បំពេញ​ភារកិច្ច​សារពើពន្ធ​ដូចជា​៖ ចុះបញ្ជី​ពន្ធដារ​នៅ​រដ្ឋបាល​សារពើពន្ធ កត់ត្រា និង​កាន់កាប់​បញ្ជិកា​គណនេយ្យ​ឱ្យបាន​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន​ទាំង​កាសែត និង​អ្នកសារព័ត៌មាន​អន​ឡាញ ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្ដី​ពន្ធដារ​ជា​ធរមាន និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដទៃទៀត​។​

​បើ​តាម​លោក នេ​ត ភ​ត្រ្តា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា បច្ចុប្បន្ន​សារព័ត៌មាន​អន​ឡាញ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​បាន​កើនឡើង​ដល់​ចំនួន​៩១៧ អង្គភាព​។ ជាមួយគ្នា លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​មិនទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ ត្រូវ​មក​បំពេញ​បែបបទ​និង​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ទទួលបា​ន​នូវ​អត្ថប្រយោជន៍​ទាំងឡាយ​ដែលមាន​។​

​គួរបញ្ជាក់​ថា ការប្រកាស​អំពី​ការលើកលែង​ការ​យក​ពន្ធ​ប៉ាតង់​ពី​អ្នកសារព័ត៌មាន​កាសែត និង​អ្នកសារព័ត៌មាន​អន​ឡាញ​នេះ ស្របតាម​ចំណារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ការស្នើ​ពី​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣៕