អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ស្នើសុំកិច្ចសហការក្នុងការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយផ្សេងទៀត ខណៈកំណើនទណ្ឌិតចេះតែកើនឡើង

0
578

ភ្នំពេញ៖ ដោយសារកំណើនទណ្ឌិតធ្វើឲ្យចង្អៀតណែននៅក្នុងពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ នេះបើយោងក្នុងជំនួបសម្តែងការគួរសម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម ឈន សាណាត អគ្គនាយកពន្ធនាគារ បានជម្រាបជូនលោកអគ្គស្នងការនគរបាលជាតិ អំពីបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិត និងបានស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ។ លើសពីនេះ ក៏បានប្តេជ្ញារួមសហការគ្នាពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសនានា។

ក្នុងកិច្ចពិភាក្សានេះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាព និងគាំទ្រលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងបន្តរួមកិច្ចសហការគ្នាឱ្យបានល្អបន្ថែមទៀត សំដៅធានាសន្តិសុខ និងសុវត្ថិភាពសង្គម។

គួរបញ្ជាក់ផងដែរថា ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​លោក ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួស​លោក ឆែម សាវុធ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕