អគ្គនាយកប.ស.ស. ស្នើឱ្យសហជីព និងអង្គការដៃគូផ្តល់មតិកែលំអចំណុចខ្វះខាតដើម្បីបង្កើនប្រសិទ្ធិភាព

0
481

ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលស្និទ្ធនឹងកម្មករនិយោជិត ក៏ដូចជាពលរដ្ឋ ចូលរួមជាមតិកែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យក្រសួងអាចពង្រឹងសមត្ថភាពក្នុងការបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។


ឯកឧត្តមលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននៅថ្ងៃទី២៤ ខែធ្នូ ២០២៣នេះ។


ឯកឧត្តមបន្ថែមថា ៖ “ក្នុងនាម ប.ស.ស ជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ”។


បន្ថែមពីនេះ ឯកឧត្តមអគ្គនាយកស្តីទី បានរំលេចពីភាពសំខាន់របស់សហជីព អង្គការ និងសមាគមពាក់ព័ន្ធនានាដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ក្នុងការទទួលបានការគាំពារ និងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម៕