អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ៖ បើពលរដ្ឋណា រងភាពអយុត្តិធម៌ពេលកម្លាំងនគរបាលចុះបង្ក្រាបផលិតផលក្លែងក្លាយ ត្រូវរាយការណ៍មកក្រសួងជាបន្ទាន់

0
3240

ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ កញ្ញា នេះ បាន​បញ្ជាក់​ថា សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌ នៅពេលប្រតិបត្តិការ របស់មន្ត្រីនគរបាលជាតិ ចំណុះអង្គភាពប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា តាម«លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 » ។

ទន្ទឹមគ្នានេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារ ជំនាញមួយ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្ដឹងពាក់ព័ន្ធ នឹងប្រតិបត្តិការ របស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ ផងដែរ ។

ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានសមាសភាព ចំនួន១១រូប ដឹកនាំដោយអគ្គាធិការរង មួយរូបជាប្រធាន, អគ្គាធិការរងមួយចំនួនជាអនុប្រធាន, និងប្រធាននាយកដ្ឋានមួយចំនួនជាសមាជិក ។ ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានតួនាទីភារកិច្ច ទទួលពាក្យបណ្ដឹង តាមដាន ប្រមូលព័ត៌មាន លើកសំណើសុំគោលការណ៍ទៅអគ្គាធិការ ដើម្បីចាត់ចែងបណ្ដឹង និង ព័ត៌មានដែលទទួលបាន ។ ក្រៅពីនេះ មានតួនាទីភារកិច្ចស៊ើបអង្កេត ស្រាវជ្រាវរាល់ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ ដាក់ជូនអគ្គាធិការពិនិត្យសម្រេច។

សូមរំលឹកថា ការប្រកាសដាក់ប្រព័ន្ធទូរសព្ទ ទាំងពីរខ្សែ “089 770 917 និង 089 371 007” និងការបង្កើតក្រុមការងារ អង្កេតស្រាវជ្រាវនេះ គឺយោងតាមសេចក្ដីសម្រេច របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចជូន អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ដល់បងប្អូនប្រជាពលរដ្ឋជាដើម៕