ភ្នំពេញ៖ នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam បានស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួប ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយ លោក Sardar Umar Alam នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយចីរភាព។
នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam ដែលបានខិតខំក្នុងការលើកស្ទួយការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ជាពិសេស ការសម្រេចបាននូវជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។
នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក្នុងការរួមដៃគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយ ចីរភាព។
លោក Sardar Umar Alam ក៏បានលើកឡើងនូវគម្រោងជាច្រើនដែលទាក់ទងនឹងវិស័យ ទេសចរណ៍ ពិសេសស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
ឯកឧត្តម សុខ សូកេន និង លោក Sardar Umar Alam បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមនានាក្នុងការ ជំរុញការអភិរក្ស និងអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលជាចលករក្នុងការលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ បន្ថែមទៀត តាមរយៈការអនុវត្តរួមនូវគម្រោងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌៕ក្រសួងព័ត៌មាន