សៀមរាប៖ ថ្មីនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេង និងរូបភាពកាត់តបញ្ចូលផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផងរបស់កម្ពុជា នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជូននូវករណីនេះថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាបានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិតជាមួយសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឲ្យប្រើប្រាស់សម្ភារៈមួយ ចំនួនមក ភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឲ្យលុបចោលរូបភាពមួយចំនួនផ្សេងទៀត ដែលមានលក្ខណៈមិនសមស្រប ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃ ជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទយកមក កាត់បញ្ចូលគ្នាទាំងសម្លេង និងរូបភាពផ្សេងៗដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ។
ប្រភពខាងលើបន្តថា ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គមអាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ដល់សកម្មភាពអវិជ្ជមានទាំងអស់។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោសចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត។
អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអស់ ដែលបានរួមចំណែកជយយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើងក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ៕ ដោយៈ ស្រស់