អតីតនាយករដ្ឋមន្ត្រីកម្ពុជា៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាសានឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក

0
672

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន អំពាវនាវឱ្យក្រុមហាម៉ាស់ប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំងដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ខណៈសម្តេចបានបង្ហាញក្តីបារម្ភថា បើគ្មានបទឈប់បាញ់ទេ តំបន់ហ្គាហ្សានឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។

យោងតាមការបង្ហោះនៅលើបណ្តាញតេឡេក្រាមផ្លូវការនៅថ្ងៃទី០៧ ខែវិច្ឆិកា សម្តេចតេជោ បានលើកឡើងថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាសានឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឱ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាសា តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)»។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន សម្តេចមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។

សម្តេច ក៏បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រុមហាម៉ាស់នៃប៉ាឡេស្ទីនឱ្យដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្រ្ទីបទាំងមូល។

 សូមជម្រាបថា ចាប់ពីតាំងពីជម្លោះរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និងកងទ័ពអ៊ីស្រាអែលបានផ្ទុះឡើងកាលពីដើមសប្តាហ៍នៃខែតុលា ឆ្នាំ២០២៣មក បណ្តាលឱ្យប្រជាជនខ្ទង់ម៉ឺននាក់ហើយបានបាត់បង់ជីវិត និងរងរបួស។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មាននិស្សិតខ្មែរម្នាក់ផងដែរ ដែលបានស្លាប់នៅក្នុងទឹកដីអ៊ីស្រាអែល៕