អបអរសាទរទិវាអន្តរជាតិនារី៖ ឯកឧត្តម ហេង សួរ បញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះកម្មការិនី

0
43

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជាអាទិភាពចំពោះកម្មការិនីនៅតាមរោងចក្រ-សហគ្រាសតាមរយៈគោលនយោបាយ និងសកម្មភាពនានាជាច្រើនដើម្បីធានាថាស្ត្រីក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល និងត្រូវបានយកចិត្តទុកដាក់។

ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំធ្វើនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការយកចិត្តទុកដាក់របស់សម្តេចធិបតីថា ការដាក់ចេញនូវកម្មវិធីបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាន គឺជាកិច្ចការងារអាទិភាពនិងចាំបាច់ដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មការិនី និងការធានាបាននូវការមើលថែទាំត្រឹមត្រូវដល់កុមារដែលជាកូនរបស់កម្មការិនីឱ្យមានរបបអាហារត្រឹមត្រូវតាមស្តង់ដាសុខភាព កាយសម្បទាល្អ និងមានការជួយបង្រៀនកុមារឱ្យត្រឹមត្រូវតាមគរុកោសល្យសម្រាប់ចំណេះដឹងមូលដ្ឋាន ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិនាថ្ងៃអនាគត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អង្គពិធីដែលមានតំណាងសហជីពចូលរួមដែរថា ក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចបានជ្រើសរើសវេទិកាសាធារណៈលើកទី១ជាមួយកម្មករដែលវត្តមានច្រើនលើសលុបគឺជាស្ត្រី។ នេះហើយគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីចុះសួរសុខទុក្ខផ្ទាល់ដើម្បីស្វែងយល់ពីផលនៃការអនុវត្តគោលនយបោយ។ មួយវិញទៀត ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី ស្ត្រីជាបុគ្គលស្វ័យនិយោជន៍ បានសិក្សារៀនសូត្រដើម្បីមានជំនាញជាក់លាក់ រួមទាំងហ្វឹកហ្វឺនកូនជាងដែលជាការផ្តល់ឱកាសការងារជូនកម្មការិនីដែលមានបំណងបង្កើតមុខរបរថ្មី ឬជំនាញថ្មី ក៏សុទ្ធសឹងតែជាការគិតជាអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែអនុវត្តគោលនយោបាយចំនួន១០ចំណុចបន្តពីអាណត្តិទី៦ដដែលដើម្បីបន្តរក្សាផលប្រយោជន៍ជូនកម្មការិនីដែលរួមមានការផ្តល់ប្រាក់ពិនិត្យសុខភាពតាំងពីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ និងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន១២០%នៃប្រាក់ខែក្នុងអំឡុងពេល៣ខែនៃលំហែមាតុភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ទាំងនេះហើយគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលចំពោះកម្មការិនីដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងវិស័យការងារ៕