កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរៀបចំកម្មវិធីវេចនំប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលកម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាខេត្តកំពត។ ពិធីនេះក្នុងន័យចូលរួមអបអរសាទរ ក៏ដូចជាចូលរួមថែរក្សានំប្រពៃណីខ្មែរ ដែលមានតាំងពីដូនតាមក។ ពិធីនេះ មានការចូលរួមពីសំណាក់ចាស់ព្រឹទ្ធាចារ្យ យុវជន យុវតី ប្រមាណជាង ៦០០នាក់។
បើតាមលោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានឱ្យដឹងថា ការបង្កើតឱ្យមានកម្មវិធីវេចនំប្រពៃណីខ្មែរនេះឡើង ដើម្បីចូលរួមអភិរក្សនូវនំប្រពៃណីខ្មែរ ព្រមទាំងបង្ហាត់បង្ហាញយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចេះចាំអំពីរបៀបនៃការវេចនំប្រពៃណីខ្មែររបស់ដូនតាយើង ដែលនំទាំងនេះធ្វើឡើងនៅក្នុងរដូវបុណ្យភ្ជុំជារៀងរាល់ឆ្នាំ។ ការវេចនំនេះ ក៏នឹងបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញឱ្យឃើញនូវការចេះជួយចែករំលែកនូវបទពិសោធន៍ផ្សេងៗពីចាស់ព្រឹទ្ធចារ្យទៅដល់យុវជនជំនាន់ក្រោយឱ្យបានចេះចាំអំពីរបៀបនៃការវេចនំ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តប្រពៃណីវេចនំនេះទៅមុខទៀតកុំឱ្យមានការបាត់បង់។
នាយករដ្ឋបាលរូបនេះ បានន្ថែមទៀតថា ក្នុងពិធីនេះ រដ្ឋបាលខេត្តបានផ្តល់នូវអង្ករដំណើបចំនួន ៥០០គីឡូក្រាម សាច់ជ្រូក ១៥០គីឡូក្រាម សណ្តែកបាយ ១០០គីឡូក្រាម ផ្លែចេក ៧០ស្និត ដោយមានការចូលរួមវេចនំពីសំណាក់ចាស់ព្រឹទ្ធាចារ្យ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការសាលាខេត្តកំពត សរុបប្រមាណជា ៦០០នាក់៕