ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍ Nightmare Carnival នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍក្រុងព្រះសីហនុ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះក្រុង ជាតំបន់ពោរពេញដោយភាពទាក់ទាញ និងសកម្មភាពរស់រវើកជួយបង្កើនចំនួនភ្ញៀវទេសចរណ៍ ពិសេសចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ក៏ដូចជាទាក់ទាញដៃគូរវិនិយោគ មានសក្តានុពល និងជំរុញការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
អភិបាលខេត្តរូបនេះបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាខេត្តមានឆ្មេរសមុទ្រ ក្នុងគោលដៅជំរុញតំបន់នេះ ក្លាយជាកន្លែងទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវល្បឿនលឿន។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដាក់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍ ផ្តល់ឱកាសឱ្យអ្នកពាណិជ្ជកម្ម សេដ្ឋកិច្ច អ្នកជំនួញទាំងឡាយ រួមនឹងអ្នកទេសចរណ៍ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍ ។
ទន្ទឹមនោះចាំបាច់ត្រូវមានព្រឹត្តការណ៍ផ្សេងៗជួយគាំទ្រគ្នាផងដែរ ជាការបង្ហាញផលិតផលទេសចរណ៍ថ្មី ផ្តល់ឱកាសកាន់តែទូលំ ទូលាយសម្រាប់អ្នកទេសចរ សង្ឃឹមថា ព្រឹត្តការណ៍ដែលរៀបចំដោយ Prince នឹងទទួលបានការគាំទ្រសាទរពីអ្នកទេសចរណ៍ ហើយអាជ្ញាធរមូលដ្ឋានត្រូវធ្វើការប្រមូលផ្តុំគិតគូរ ផ្តល់ការកាំទ្រព្រឹត្តិការណ៍នេះ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណ ការធ្វើចរាចរណ៍ ការស្នាក់នៅហូបចុកប្រកបដោយភាពរីករាយ និងសូមអំពាវនាវអ្នកទេសចរណ៍អ៉ឺរ៉ុបចូលរួមក្នុងព្រឹត្តការណ៍នេះដោយភាពរីករាយនាពេលខាងមុខ។
គួរបញ្ជាក់ថា ទាក់ទងវិធីបុណ្យនេះ ជាវប្បធម៌របស់អឺរ៉ុប ពោលគឺប្រហាក់ប្រហែលគ្នា នឹងបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌរបស់កម្ពុជាដែរ គឺធ្វើបុណ្យដាក់ទានឱ្យខ្មោចអនាថា ហើយអ្វីដែលជាចំណុចសំខាន់នៃព្រឹត្តិការណ៍ Nightmare Carnival មិនមានរឿងអ្វីចម្លែកនោះទេ ស្របពេលស្ថានភាពពិភពលោក ក៏ដូចជាប្រទេសនីមួយៗ ជាក់ស្តែងដូចកម្ពុជា មានសុខសន្តិភាពពេញលេញ ផ្តល់ឱកាសឱ្យយើងរស់នៅ ធ្វើធុរកិច្ច ទេសចរណ៍ ឬកិច្ចការផ្សេងៗទៅតាមបំណងប្រាថ្នាជាតិនីមួយៗ ហើយកម្មវិធីនេះរៀបចំធ្វើនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនព្រីនស៍ រាជធានីភ្នំពេញ កាលរសៀលថ្ងៃទី ១០ តុលា៕