អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ

0
545

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ មិនឱ្យមានផ្ញើម៉ូតូ និងរថយន្តតាមដងផ្លូវដាច់ខាត ព្រមទាំង លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ និងការទុកដាក់សំរាម ឱ្យចំម៉ោងពេលត្រឹមត្រូវដើម្បីបរិស្ថានស្អាត។នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

 ថ្លែងក្នុងការអញ្ជើញជាអធិបតីភាពក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់។ ត្រូវធ្វើឱ្យបានត្រឹម ត្រូវតាមច្បាប់ប្រកបដោយឧត្ដមភាព។ ចំពោះមន្ត្រីប៉ូលិសចរាចរណ៍មិនត្រូវស្លៀកពាក់ ស៊ីវិល ហើយប្រើវិទ្យុទាក់ទងដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់នោះទេ ត្រូវតែប្រើ ប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយឡែក កងកម្លាំងមានសមត្ថកិច្ច គ្រប់ខណ្ឌនីមួយៗ មិនមែនអនុវត្តន៍តែការងារលើបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នា ឱ្យបានល្អ លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មាន សុវត្ថិភាព និងមួយផ្នែកទៀតត្រូវពង្រឹងការទុកដាក់សំរាមធ្វើយ៉ាងណាឱ្យបរិស្ថានមាន ភាពល្អ ប្រសើរ រៀបចំសណ្តាប់ធ្លាប់ឱ្យបានល្អបន្ថែមទៀត មិនឱ្យមានផ្ញើម៉ូតូ ផ្ញើរថយន្ត និងលក់ដូរ នៅតាមដងផ្លូវដាច់ខាត ជាមួយនិងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យអស់ផងដែរ។ ត្រូវពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅ ក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ ប្រជាពលរដ្ឋ។ ជាមួយនិងការងារ ពិនិត្យឡើងវិញចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ សំដៅ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាតាមច្រកចេញចូលតែមួយកាន់តែល្អប្រសើរ ទទួលបាននូវ ការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋបន្ថែមទៀត៕