បន្ទាយមានជ័យ៖ ដោយទទួលបានការណែនាំពីលោកអភិបាលខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ឈុន ប៊ុនថា នាយកទីចាត់អន្តរវិស័យ និងលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅព្រឹកថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ២០២៣ នៅទីតាំងស្តុក និងចែកចាយសត្វមាន់ នៅភូមិថ្មី ឃុំអូរស្រ ឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការចុះណែនាំនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះពនិត្យមើលទីតាំងស្តុកសត្វមាន់ ដែលក្រុមឈ្មួញនាំចូលពីប្រទេសថៃ ហើយចែកចាយនៅទីផ្សារកម្ពុជា។
លោកអភិបាលរងខេត្ត បានធ្វើការណែនាំដល់ម្ចាស់ទីតាំងដែលស្តុកសត្វមាន់ដើម្បីចែកចាយបន្តទៅតាមបណ្តាទីតាំងផ្សេងៗ ត្រូវសម្អាតអនាម័យទីតាំងឱ្យបានល្អ កុំឱ្យមានជះក្លិនស្អុយ និងធ្វើការសម្អាតបរិស្ថានជុំវិញឱ្យបានល្អ។
ចំណែកលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា ទីតាំងស្តុកចែកចាយមាន់ខាងលើមុនការនាំចូលសត្វមាន់មកកាន់ទីផ្សាកម្ពុជា ត្រូវបានឆ្លងកាត់ការពិនិត្យសុខភាពសត្វយ៉ាងហ្មត់ចត់ពីប្រទេសថៃមុនអនុញ្ញាតឱ្យនាំចូល។
មន្ត្រីជំនាញដ៏ដែល បានបញ្ជាក់ថា ទីតាំងខាងលើមានក្រុមហ៊ុនចំនួន ៣ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ (ច្បាប់ចេញពីអគ្គនាយកដ្ឋាន) ដើម្បីនាំចូលសត្វមាន់ចែកចាយបន្តទៅតាមបណ្តាខេត្តផ្សេងៗ៕