អាជ្ញាធរជាតិអប្សរាដឹកនាំសិស្សានុសិស្ស ១.២៥០នាក់ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរដ៏មានសារសំខាន់

0
487

សៀមរាប៖​ អាជ្ញាធរជាតិអប្សរាដឹកនាំ​ សិស្សានុសិស្សចំនួន ១.២៥០នាក់ ដែលត្រូវបានជ្រើសរើសយកចេញពីសាលានានា នៅជុំវិញតំបន់អង្គរ បានមកជួបជុំគ្នានៅមុខប្រាសាទអង្គរវត្ត ដើម្បីដើរក្បួនយាត្រាផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាច កាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ ដោយពីធីដើរក្បួនព្យុហយាត្រានេះត្រូវបានធ្វើឡើងចាប់ ពីព្រឹកព្រលឹម ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។

ក្រោមការដឹកនាំក្បួនព្យុហយាត្រានោះ ត្រូវបានចេញដំណើរពីមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅកាន់ ក្រុងសៀមរាប ដោយសិស្សានុសិស្សទាំងអស់ស្ថិតក្នុងឯកសណ្ឋានអាវស មានពាក់អាវយឺតដៃខ្លីពីក្រៅ ដែលមានរូបសញ្ញាអង្គរ និងមានសរសេអក្សរពិធីបុណ្យរំលឹកគុណអង្គរ ហើយនៅក្នុងដៃមានកាន់បដាតូចធំ ដែលមានសរសេរពាក្យស្លោកពាក់ព័ន្ធទៅ នឹងការដឹងគុណអង្គរ អមដោយចំរៀងពង្សាវតារខ្មែរដែលមានអត្ថន័យឧត្តុង្គឧត្តមគួរជាទីចាប់អារម្មណ៏បំផុតពីសំណាក់ទស្សនជន ដែលឈរមើលនៅតាមដងផ្លូវ។

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងកម្មវិធីនោះថា ការដង្ហែក្បួន ព្យុហយាត្រានេះ គឺដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរដ៏មានសារសំខាន់។ ហើយឯកឧត្តមសម្តែងការចាប់អារម្មណ៍ចំពោះ ពាក្យស្លោកដែលមានអត្ថន័យថា កិច្ចការពារបេតិកភណ្ឌជាភារកិច្ចកូនខ្មែរគ្រប់ៗរូប និងអត្ថន័យ នៃចម្រៀងពង្សាវតារខ្មែរដែលមាន អត្ថន័យឧត្តុង្គឧត្តម ដក់ជាប់នៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរ។ ជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដ៏ សំខាន់ទៅអនាគតក្នុងការថែរក្សានូវតម្លៃដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិរបស់យើង។

អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានបន្តឱ្យដឹងទៀតថា ការដែលយើងរំលឹក និងផ្តល់នូវគុណតម្លៃដល់បុព្វការីជនរបស់យើង គឺជាការគោរព ខ្លួនយើងផង ក៏ជាការផ្តល់នូវភាពថ្កុំថ្កើងនៃប្រវត្តិសាស្រ្តរបស់យើងផង។  ហើយក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល មានសេចក្តីសោមនស្ស និងមានភាពកក់ក្តៅ ដែលសិស្សានុសិស្សចំនួន ១.២៥០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រា នៃពិធីបុណ្យ រំលឹកគុណអង្គរ។ នេះជារូបភាពមួយយ៉ាងសំខាន់ ដែលយើងបានប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីស្រឡាញ់ស្នេហាជាតិ ក៏ដូចជា ការបណ្តុះនូវគំនិត ធ្វើយ៉ាងណាដើម្បីឱ្យប្រជាជាតិខ្មែររបស់យើងមានភាពរឹងមាំទៅថ្ងៃអនាគត៕