អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

0
61

សៀមរាប៖ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យទីតាំងរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ព្រមទាំងការទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រដ្ឋមិនមែនភាគី និងអង្គការអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដោយពិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងបានបញ្ជាក់ថា ព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ក្នុងទឹកដីខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយដែលបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមិនត្រឹមតែជាប្រធានប៉ុណ្ណោះទេ គឺប្រជាជនកម្ពុជាទាំងមូល ជាប្រធាននៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនថ្នាក់ពិភពលោក ហើយប្រជាជនកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជុំវិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងផ្តល់សារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាបានទទួលសុខសន្តិភាព និងសុវត្ថិភាព ពេញលេញក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងខណៈពេលប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាម និងទាមទារឱ្យមានការចូលរួមថែរក្សាសន្តិភាព និងការងារបោសសម្អាតមីន ។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្នាមញញឹម និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជាមួយនឹងវប្បធម៌ប្រពៃណីដ៏យូរលង់របស់កម្ពុជា ចំពោះគណៈប្រតិភូជុំវិញពិភពលោកនេះ។

សូមជម្រាបថា ទីតាំងដែលត្រូវចុះពិនិត្យមើលរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, សណ្ឋាគារសុខា, និងទីតាំងមួយចំនួនស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ,ក្រោមកិច្ចសហការជាមួយរដ្ឋលេខាធិការដ្ឋា នអាកាសចរស៊ីវិល, រដ្ឋបាលខេត្តសៀមរាប, អាជ្ញាធរជាតិអប្សរា, និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប៕