អ្នកនាំពាក្យក្រសួងអប់រំ៖ ក្រសួងនឹងសាកល្បងដាក់បញ្ចូលកម្មវិធីសិក្សាភាសាចិន​ ក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីសហប្រតិបត្តិការរវាងកម្ពុជា-ចិនឲ្យកាន់តែរឹងមាំថែមទៀត

0
297

ភ្នំពេញ៖ លោកស្រីឃួន វិច្ឆិកា អ្នកនាំក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា សាលាមធ្យមសិក្សាសាធារណៈចំនួន២០ដែលក្រសួងបាននឹងកំពុងពិចារណាក្នុងការសាកល្បងត្រៀមដាក់បញ្ចូលកម្មវិធីសិក្សាភាសាចិននោះ គឺមាននៅរាជធានីភ្នំពេញចំនួន១០និងខេត្តព្រះសីហនុចំនួន១០។

អ្នកនាំពាក្យរូបនេះបន្ថែមថា សម្រាប់ការអនុវត្តសាកល្បងនេះ ក្រសួងនឹងចាប់ផ្តើមនៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដោយផ្តោតលើកម្រិតសិក្សាពីថ្នាក់ទី៧ដល់ថ្នាក់ទី៩ ចំពោះមូលហេតុដែលក្រសួងសម្រេចសាកល្បងនេះ ដោយសារតែក្រសួងបានមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃភាសាចិន ព្រោះបច្ចុប្បន្នមានអ្នកវិនិយោគិន និងក្រុមហ៊ុនចិនជាច្រើនបាន​មក​បោះទុននៅកម្ពុជា, ងាយស្រួលក្នុងការចាប់យកឱកាសការងារ, ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងអាចមានឱកាសទៅសិក្សានៅចិន។ មួយវិញទៀត ការសិក្សាភាសាចិនក៏ជាចំណែកក្នុងការចូលរួមកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំថែមទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយគណៈប្រតិភូចិន នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន លោកហង់ ជួនណារ៉ុន បានប្រាប់ភាគីចិនបន្ថែមថា ក្រោយការចុះ អនុស្សរណៈក្រសួងអប់រំកម្ពុជាក៏ទទួលបានឯកភាពជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិនចំនួន២០នាក់ (ក្នុង០១សាលា០១នាក់) ដោយភាគីកម្ពុជាផ្តល់ជូន ៧១ម៉ឺន រៀល ឬ ប្រហែល១៨០ ដុល្លារ ហើយស្នើសុំឱ្យភាគីចិនជួយឧបត្ថម្ភបន្ថែម៤០០ដុល្លារក្នុងមួយខែ។

ជាការឆ្លើយតបភាគីចិនបានយល់ស្របនឹងជួយផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិនសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ក៏ដូច ជារៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការបង្រៀនភាសាចិនដល់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសចិនផងដែរ៕