អ្នកនាំពាក្យនៃស្នងការនគរបាល ឱ្យប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ មកបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍

0
241

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤​នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធាន​ការិយាល័យ​លេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនទៅបំភ្លឺ​ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​បុរីហាយធិច​ចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។

  អ្នកនាំពាក្យរូបនេះបន្ថែមថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ធ្ងរ ក្នុង​នោះ​ភាគី​រថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ មានបុរស៣នាក់ និងស្ដ្រី២នាក់ និងបាន​បណ្តាល​ឱ្យ​បុរស​២នាក់ស្លាប់ ចំណែកស្ដ្រី០២នាក់របួសធ្ងន់ និងបុរសម្នាក់របួសស្រាល ហើយបុរស​ដែល​របួស​ស្រាល​នេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។

ការអំពាវនាវឱ្យសាម៉ីខ្លួនទៅបំភ្លឺនេះ នគរបាលបញ្ជាក់ថា គឺដើម្បីឱ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​សួរនាំ​មួយ​ចំនួន​ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារ​តែ​អ្នក​រង​របួស​ធ្ងន់​ ២នាក់​នោះ​កំ​ពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចបានទេ។ ក្នុង​ហេតុការណ៍​នេះ​អ្នក​បើក​រថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយ​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​​នាំ​អ្នកបើកបររថយន្តម៉ាក Toyota Camry ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុង​ស្រាវ​ជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ។

គួរបញ្ជាក់ថា បុរស២នាក់​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ម្នាក់​ជា​អធិការ​រង​នគរបាល​ស្រុក​កៀនស្វាយ និងម្នាក់ទៀតជានាយរងប៉ុស្តិ៍ឃុំដីឥដ្ឋ៕