អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបានបញ្ជាក់ថា លោកប៉ាហ្វីដូ មិនមែនជាអ្នកបើករថយន្តសេរីទំនើប ដែលបណ្តាលឲ្យមនុស្សស្លាប់នោះទេ

0
73

ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សំ វិច្ឆិកា បានបញ្ជាក់ថា រថយន្ដបង្កហេតុស៊េរីទំនើបម៉ាក់ Lamborghini ពាក់ស្លាក លេខកម្ពុជា F.R.999 បានបើកបុកម៉ូតូ HONDA Dream ពាក់ស្លាកលេខសៀមរាប 1V-9127 បណ្ដាលឲ្យបុរសម្នាក់បោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ខណៈពេលដែលម្ចាស់រថយន្តបង្កហេតុ និងបុរសស្លាប់គឺបានធ្វើដំណើរស្របទិសដៅគ្នា ។ ក្រោយបើកបុកមនុស្សស្លាប់ហើយបុរសឈ្មោះ ហ្វុ ស៊ុងហ័រ និង ប៉ាហ្វីដូ ក៏បានបើករថយន្តរត់គេចខ្លួនដល់ផ្លូវឌួងងៀប ហើយទុករថយន្ដចោល ក៏ឡើងទៅជិះរថយន្ដ BMW មួយគ្រឿងទៀតដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បញ្ជូន ទៅអធិកាខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់ ។

លោក សំ វិច្ឆិកា បានបន្ថែមទៀតថា “ករណីនេះ មិនមែនឈ្មោះ ប៉ាហ្វីដូជាអ្នកបើកបរទេ គឺឈ្មោះហ្វុ ស៊ុងហ័រ គឺជាជនជាតិចិន”។

អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់ពីឃាត់ខ្លួន ក៏បានយកឧបករណ៍ពិនិត្យ វាស់រកជាតិអាល់កុល គឺមានកម្រិតខ្ពស់ដល់ ០,៨៦ ដែលមានជាតិស្រវឹងនៅក្នុងខ្លួនច្រើន។

ដោយឡែកបើយោងតាមការការលើកឡើងរបស់លោកប៉ាហ្វីដូ បានបញ្ជាក់យ៉ាងច្បាស់នៅលើទំព័រហ្វេសបុករបស់ លោកនាសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖

ប្រិយមិត្តទាំងអស់គ្នាជាទីគោរព! ខ្ញុំបាទ BA FIDO ៖

ទាក់ទងនឹងឧបទ្ទវហេតុអកុសលដែលបានកើតឡើងកាលពីយប់មិញនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះបុរសជនជាតិខ្មែរដែលបានបាត់បង់ជីវិតជាអកុសល។

លោកបន្តថា ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំង ប៉ុន្តែខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនមែនជាអ្នកបើកបរ ឬជាម្ចាស់រថយន្ត Lamborghini នោះទេ ប៉ុន្តែវាជាការពិតដែលយើងមានកំហុសដែលមិនអាចបដិសេធបាន ហើយយើងកំពុងទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីសម្របសម្រួលរកដំណោះស្រាយ។

ជាក់ស្តែង បើយោងតាមការបញ្ជាក់របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់អ្នកសារព័ត៌មាននៅរសៀលនេះ ថាខ្ញុំពិតជាមិនមែនជាជនបង្ករនោះទេ ដូច្នេះខ្ញុំសង្ឃឹមថាខាងសារពត៌មាននឹងជៀសវាងក្នុងការប្រញាប់ប្រញាល់ភ្ជាប់ខ្ញុំទៅនឹងគ្រោះថ្នាក់មួយនេះដោយគ្មានភស្តុតាងច្បាស់លាស់ គ្មានវិជ្ជាជីវៈ។ យ៉ាងណាមិញ មិនគួរណាដើម្បីតែចំនួននាក់តាមដាន(viewer) ហើយបោះបង់ចោលការពិត និងយុត្តិធម៌នោះទេ។

លោកប៉ាហ្វីដូ បានបន្ថែមទៀតថា ទង្វើនេះមិនត្រឹមតែប៉ះពាល់ដល់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងបាននាំអោយសាធារណជនមានការភាន់ច្រឡំ និងរំខានដល់ការស្វែងរកការពិតនៃគ្រោះថ្នាក់នេះទៀតផង។ ខ្ញុំសូមប្រាប់ទៅសាធារណជនអោយបានជ្រាបថា ព័ត៌មានដែលផ្សាយអំពីខ្ញុំគឺសុទ្ធតែគ្មានមូលដ្ឋានទាំងស្រុង ហើយខ្ញុំបានទាក់ទងទៅក្រុមមេធាវី ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ដែលចាំបាច់ ដើម្បីការពារសិទ្ធិរបស់យើង។

លោកបានសំណូមពរថា ជាចុងក្រោយ ខ្ញុំសូមអំពាវនាវម្តងទៀត ដល់គ្រប់ៗគ្នា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ សូមកុំធ្វើការវិនិច្ឆ័យ និងផ្សាយពត៌មានដោយមិនមានភស្តុតាងច្បាស់លាស់។ យើងគួរតែរង់ចាំ និងគោរពលទ្ធផលស៊ើបអង្កេតរបស់ប៉ូលីសនគរបាលទាំងអស់គ្នា ហើយផ្តល់ឱ្យជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេនូវការគោរព និងការអាណិតអាសូរដែលពួកគេគួរទទួលបាន៕