អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ក្រុមហ៊ុនពីរបស់វៀតណាមហោះហើរ​ចូលខេត្តសៀមរាប

0
660

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួនពីរ គឺ វៀតណាមអ៊ែឡាញ និងក្រុមហ៊ុន Vietjet បានភ្ជាប់ជើងហោះហើរពីវៀតណាម ចូលរាជធានីភ្នំពេញ និងខេត្ត​សៀមរាប។នេះបើតាមការលើកឡើងរបស់លោក​ ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន​​ ចាន់សេរី​ អ្នកនាំពាក្យបានឱ្យដឹងទៀតថា ក្រុមហ៊ុនវៀតណាមអ៊ែឡាញ ធ្វើការហោះហើរពីហូជីមិញ-សៀមរាប, សៀមរាប​-ហូជីមិញ ក្នុងមួយសប្តាហ៍ចំនួន ១៤ជើង(មួយថ្ងៃ២ជើង), ហាណូយ-សៀមរាប មួយថ្ងៃចំនួន២ជើង មួយសប្តាហ៍​ស្មើនឹង ១៤ជើង, ហាណូយ ហ្លងព្រះបាង-សៀមរាប មួយសប្តាហ៍ចំនួន ៥ជើង។ ដោយឡែកក្រុមហ៊ុន Vietjet ធ្វើការហោះហើរមួយសប្តាហ៍ចំនួនបីជើង រវាងហាណូយ-សៀមរាប។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា គិតត្រឹមដើមខែធ្នូ ឆ្នាំ ២០២៣ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានជើងហោះហើរសរុបចំនួន ៤៩៣ជើង(ឯកទិស) និងទ្វេទិសមានចំនួន ៩៨៦ជើង។

ចំណែកលោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានលើកឡើងថា ភ្ញៀវទេសចរពីប្រទេសវៀតណាម ដែលចូលមកកម្សាន្តនៅខេត្តសៀមរាប ភាគច្រើនស្នាក់នៅចំនួនបីថ្ងៃ។ លោកបានបន្តថា ក្រុមហ៊ុនវៀតណាអ៊ែឡាញ គឺជាក្រុមហ៊ុនជាតិដ៏ធំរបស់វៀតណាមទទួលបានភ្ញៀវទេសចរពីប៉ែកអឺរ៉ុបច្រើន ហើយក្រុមហ៊ុននេះ តែងតែដឹកអ្នកដំណើរ​ចូលកម្សាន្តនៅប្រទេសវៀមណាម និងហូសមកកម្ពុជាផងដែរ។

លោកមើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាល សម្រួលលើការលើកលែងទិដ្ឋការដល់ភ្ញៀវទេសចរអឺរ៉ុប ដូចប្រទេស​វៀតណាម លោកជឿជាក់ថា ទេសចរអឺរ៉ុបនឹងចូលមកកម្សាន្តច្រើននៅកម្ពុជា មិនចាញ់ប្រទេសជិតខាងឡើយ។

សូមជម្រាប់ថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែ កក្កដា ឆ្នាំ ២០២៣ ភ្ញៀវ​ទេសចរ​វៀតណាម ចូលមកកម្សាន្តនៅកម្ពុជា មាន​ចំនួន ៥៥១ ១៥៦​ នាក់​ ស្មើ ១៨,១ ​ភាគ​រយ​ មានការកើន​ឡើង ១៩០,៤​ ភាគ​រយ៕