អ្នកនាំពាក្យ៖ ករណីម្តាយជនបង្ករម្ចាស់រថយន្ត Jeep ប្តឹងប្រពន្ធជនរងគ្រោះមិនពាក់ព័ន្ធជាមួយសមត្ថកិច្ចឡើយ

0
246

ភ្នំពេញ៖ ថ្លែងប្រាប់បណ្តាញអ្នកសារព័ត៌មានលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ករណីម្តាយជនបង្ករម្ចាស់រថយន្ត Jeep ប្តឹងប្រពន្ធជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មិនពាក់ព័ន្ធជាមួយសមត្ថកិច្ចឡើយ នេះបើតាមការអះអាងរបស់លោកនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់បន្ថែមថា ករណីនេះញែកឲ្យដាច់ជាពីរពីគ្នា ករណីទីមួយជនបង្ករ ដែលបើករថយន្ត Jeep ប​ង្ករគ្រោះថ្នាក់ចរាចរណ៍នាំឲ្យជនរងគ្រោះត្រូវជាប្តីរបស់នារីម្នាក់ស្លាប់ សមត្ថកិច្ចនគរបាល ស្នងការរាជធានីភ្នំពេញបានចាត់នីតិវិធីតាមជំនាញនិងតាមច្បាប់រហូតកសាងសំណុំរឿង បញ្ជូនជនបង្ករទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយអយ្យការអមសាលារាជធានីភ្នំពេញបានចាត់ និតីវិធីបន្តបន្ទាប់តាមច្បាប់កំណត់។ ដូច្នេះរឿងទីមួយនោះសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានបំពេញភារកិច្ច របស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ មនសិការនឹងតាមច្បាប់រួចសព្វគ្រប់អស់ហើយ។

លោកទូច សុឃៈ បានលើកឡើងថា ចំណែករឿងទី២ ដែលខាងក្រុមគ្រួសារជនបង្ករគេប្តឹងបកត្រលប់ទៅប្រពន្ធ ជនរងគ្រោះ ទីមួយវាជាសិទ្ធបុគ្គលជាទូទៅដែលផ្តល់ដោយច្បាប់ ដែលគេយល់ឃើញថា ប្រសិនជាអំពើណាមួយ ដែលប៉ះពាល់ដល់កិតិ្តយសសេចក្តីថ្លៃថ្នូររបស់គេ ហើយបើគេយល់ឃើញថាមានភស្តុតាងគ្រប់គ្រាន់ អំពើនោះបទល្មើស (ក.ខ.គ.ឃ.ង) គេមានសិទ្ធស្វែងរកការការពារខ្លួននឹងការស្តារកិត្តិយសសេចក្តីថ្លៃថ្នូររបស់គេ វិញ ពោលគឺគេមានសិទ្ធប្តឹងទៅកាន់តុលាការតែម្តង ហើយយើងឃើញជាក់ស្តែងថា ខាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មានព្រះរាជអជ្ញារងជាតំណាងនោះកាន់សំណុំរឿងនោះហ្នឹង លោកបានចេញដីការកោះហៅចុងចម្លើយ ឬក៏ចុងចោទដែលជាប្រពន្ធរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតហ្នឹង លើបទល្មើស៣ប្រភេទហ្នឹង ទៅកាន់អយ្យការដើម្បីបំភ្លឺចំពោះពាក្យបណ្តឹងម្ខាងទៀត ដូច្នេះវគ្គទី២នេះ អត់មានអីពាក់ព័ន្ធជាមួយសមត្ថកិច្ចរបស់នគរបាលទេ គឺពាក់ព័ន្ធផ្តាច់មុខតែឯងតែម្តងជាមួយហ្នឹងតុលាការ។ បានន័យថាជារួមសមត្ថកិច្ចចាត់វិធានការនិតីវិធីរបស់តុលាការជាមួយនឹងដើមបណ្តឹង ហើយនឹងចុងចម្លើយ ដូច្នេះអត់មានអីពាក់ព័ន្ធជាមួយសមត្ថកិច្ចនគរបាលយុត្តិធម៌ ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទេ។

អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃរូបនេះបន្តថា ដោយឡែកពាក់ព័ន្ធជាមួយយុត្តិធម៌ឬមិនមានយុត្តិធម៌ យើងកុំអាលគិតថាវាបែបណា យើងត្រូវតែរកភស្តុតាងដើម្បីទៅដោះបន្ទុកថាយើងមិនមែនដូចការចោទប្រកាន់ ឬបើយើងមានលទ្ធភាពយើងអាចពឹងមេធាវីដើម្បីការពារសិទ្ធរបស់យើងចំពោះមុខច្បាប់ ឬយើងអាចពឹងមេធាវីនៅតាមបណ្តាអង្គការសង្គមស៊ីវិល ជាពិសេសយើងអាចទៅពឹងមេធាវីរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ។

ជាមួយគ្នានេះលោកបានបញ្ជាក់ថា រឿងវគ្គទី២នេះគឺមិនជាប់ពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ ឡើយពោលគឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ ដូច្នេះបើសិនជាបងប្អូនចង់ច្បាស់នូវរឿងនេះ បងប្អូនអាចសួរទៅកាន់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាន។

 គួរបញ្ជាក់ផងដែរថា កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ​2CB-9963 និង​ម៉ូតូ បុក​គ្នា​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ លើ​ផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ ភូមិ​៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕