ភ្នំពេញ៖ ជាការពិតណាស់ថា ការរីកចម្រើននៃបច្ចេកវិជ្ជា ជាពិសេសបច្ចេកវិជ្ជាផ្នែកឌីជីថលនៅក្នុងសកលលោក បច្ចុប្បន្ន ជយយឲ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គមនិងសង្គមកាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុង សង្គមកាន់តែមានភាពងាយស្រួល ព្រមទាំងមានប្រយោជន៍សម្រាប់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម នេះជាការលើកឡើងរបស់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការលើកតម្លៃវប្បធម៌៖ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយ ស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ឯកឧត្តមបានលើកឡើងថា បញ្ហាប្រឈមមួយចំនួនក៏កើតឡើងមានគួរឲ្យព្រួយបារម្មផងដែរ ដូចជាការបំផ្លែងព័ត៌មានខុសការពិត នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តសុខសង្គម និងសិទ្ធបុគ្គល ពេសេសសិទ្ធិស្ត្រី និងកុមារ ការចែកចាយ ផ្សព្វផ្សាយរូបភាពដែលមានខ្លឹមសារប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើម។
រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា បញ្ហាទាំងនេះដែលបណ្តាលមកពីអ្នកប្រកបអាជីវកម្មអនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិតវីដេអូខ្លីមួយចំនួន ពិសេសអ្នកផលិតវីដេអូជ្រកក្រោម ពាក្យវីដេអូអប់រំបានធ្វើការផ្សព្វផ្សាយ ចែករំលែកនូវស្នាដៃដែលមានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាកពីក្រម សីលធម៌សង្គម។
ឯកឧត្តមបន្តថា ការលើកតម្លៃវប្បធម៌ និងសីលធម៌សង្គម គឺទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន និងដោយ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយដែលមាន។ ការចូលរួមពីក្រសួងពាក់ព័ន្ធពិសេសក្រសួងមហាផ្ទៃ ក្រសួង អប់រំយុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងប្រៃណីយ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ហើយពិសេសជាងនោះទៀតគឺ ការចូលរួមរបស់ប្រជាពលរដ្ឋ ដែលក្នុងនោះមានជាសិល្បករ សិល្បការិនី អ្នកសម្តែងក្រៅប្រព័ន្ធ អ្នកផលិតវីដេអូ ឬមាតិកាកម្សាន្ត ព្រមទាំងអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាដើម។
គួរបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីធ្វើការអប់រំ ចែករំលែកបទពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរជាអ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំង អ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមយុទ្ធសាស្ត្រនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕ អត្ថបទ៖ ស្រស់ រូបភាព៖ ភាព